ឯកឧត្តម សាយ សំអាល់ ចុះពិនិត្យវឌ្ឍនភាពសាលារៀនក្នុងភូមិសាស្ត្រក្នុងក្រុងកំពង់សោម
AKP ព្រះសីហនុ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦–ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ និងប្រតិភូអម នាព្រឹកថ្ងៃព្រហស្បតិ៍ទី៣០ ខែមេសា ឆ្នាំ២០២៦ បានចុះពិនិត្យវឌ្ឍនភាពនៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យក្នុងភូមិសាស្ត្រក្រុងកំពង់សោម ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះមានដូចជា សាលាបឋមសិក្សាស្មាច់ដែង អនុ និងវិទ្យាល័យស្មាច់ដែង សង្កាត់រាម សាលាបឋមសិក្សា និងអនុវិទ្យាល័យអូរចំណារ សង្កាត់អូរចំណា និងពិនិត្យផ្ទៃបឹងជុំ ស្ថិតនៅសង្កាត់បឹងតាព្រហ្ម ក្រុងព្រះសីហនុ។


ជាមួយគ្នានោះដែរ ឯកឧត្តម សាយ សំអាល់ និងប្រតិភូចុះពិនិត្យមើលវឌ្ឍនភាពនៃការអភិវឌ្ឍ និងហេដ្ឋារចនាសម្ព័ននានានៅក្នុងសាលាក្នុងភូមិសាស្ត្រក្រុងកំពង់សោម ដើម្បីប្រែក្លាយសាលារៀន ជាសាលាគំរូជំនាន់ថ្មី ក្នុងការលើកកម្ពស់គុណភាពសិក្សា សុខភាពសិស្សានុសិស្សតាមរយៈការផ្តល់អាហារូបត្ថម្ភ ការរៀបចំសួនច្បារក្នុងបរិវេណសាលា និងក្រៅសាលាឪ្យមានសោភណ័ភាព បរិស្ថាន អនាម័យល្អ ការដាំដើមឈើក្នុងបរិវេណសាលាឪ្យមានពណ៌បៃតងប្រកបដោយផាសុខភាព ជាពិសេសការរៀបចំបន្ទប់ទឹកឱ្យមានស្តង់ ព្រោះសាលារៀន គឺជាថ្នាលបណ្តុះបណ្តាលនូវធនធានមនុស្សសម្រាប់មនុស្សជំនាន់ក្រោយក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិ កាលណាប្រទេសជាតិមានធនធានមនុស្សច្រើនប្រទេសនឹងមានការអភិវឌ្ឍរីកចម្រើន ៕


ដោយ៖ ងូ សុមុនី




