លោក ថាំង វីយុទ្ធដា លើកទឹកចិត្តកសិករឱ្យរួបរួមសហការ បរិច្ចាគដីដើម្បីទទួលបានអត្ថប្រយោជន៍រួមនិងចំណាយដើមទុនតិច
AKP កំពង់ធំ ថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៦--លោកថាំង វីយុទ្ធដា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង លើកទឹកចិត្តកសិករឱ្យរួបរួមសហការ បរិច្ចាគដីដើម្បីទទួលបានអត្ថប្រយោជន៍រួម និងចំណាយដើមទុនតិច។ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយមនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង បានលើកទឹកចិត្តដូច្នេះ ក្នុងឱកាសដែលលោក និងសហការី បានចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងស្ទោង និងប្រព័ន្ធប្រឡាយជើងក្អែប នៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោងខេត្តកំពង់ធំនាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ។


លោកថាំង វីយុទ្ធដាបានបញ្ជាក់ថាក្រោយពេលដែលទំនប់ស្ទាក់ទឹកស្ទឹងស្ទោងនិងប្រព័ន្ធប្រឡាយជើងក្អែបផ្សេងទៀតសាងសង់ហើយជាស្ថាពរនឹងធ្វើឱ្យប្រភពទឹកនៅក្នុងមូលដ្ឋានឃុំបន្ទាយស្ទោង និងឃុំនានានៅក្បែរកាន់តែសម្បូរជាងមុន ហេតុនេះប្រជាកសិករ គួតែរួបរួមសហការគ្នាក្នុងការបរិច្ចាគដីដើម្បី ជាសម្បទានសម្រាប់ក្រុមការងារបានជីកប្រព័ន្ធប្រឡាយបន្ថែមទៀត ដើម្បីងាយស្រួលដល់កសិករក្នុងការបែងចែកនិងបញ្ចូលទឹកដល់ស្រែរបស់ខ្លួនថែមទាំងចំណាយដើមទុនតិចព្រោះប្រព័ន្ធប្រឡាយទាំងមូលជាការចំណាយរបស់ក្រុមការងារ។
លោក ថាំង វីយុទ្ធដា បានបន្ថែមទៀតថា លើសពីទំនប់ស្ទាក់ទឹក ប្រព័ន្ធធារាសាស្រ្តនិងផ្លូវថ្នល់ខ្វាត់ខ្វែង ក្រុមការងារក៏បានរៀបចំនូវផែនការយុទ្ធសាស្ត្រសម្រាប់ធ្វើស្រែបង្ហាញ ដើម្បីជាការផ្ដល់នូវបទពិសោធន៍និងបច្ចេកទេសល្អៗបន្ថែមទៀតដល់កសិករនៅក្នុងឃុំ ដើម្បីយកទៅអនុវត្តជាក់ស្ដែងសម្រាប់ធានាបាននូវទិន្នផលខ្ពស់ព្រមទាំងបង្កើនសេដ្ឋកិច្ចគ្រួសារកសិករឱ្យកាន់តែប្រសើរឡើងថែមទៀត។
សូមបញ្ជាក់ថាទំនប់ស្ទាក់ទឹកស្ទឹងស្ទោង(ចន្លុះ)កំពុងដំណើរការសាងសង់ដែលមានប្រវែង១២០ម៉ែត្រទទឹង ៧០ម៉ែត្រ៕


ដោយ៖ ស៊ុម វណ្ណា




