ការបោះជំរំអន្តរជាតិ IYF លើកទី១២ នៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥--ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ បានប្រកាសបើកការបោះជំរំអន្តរជាតិ IYF លើកទី១២នៅកម្ពុជាជាផ្លូវការក្រោមប្រធានបទ "ការអប់រំចិត្តយុវជនឱ្យមានភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌ និងគុណធម៌" ដោយមានអ្នកចូលរួមប្រមាណជាង២០០០នាក់។

កម្មវិធីបោះជំរំអន្តរជាតិ IYF ឆ្នាំ២០២៥ បានរៀបចំធ្វើចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖
១) ផ្តល់ឱកាសដល់សិស្ស-និស្សិតកម្ពុជាបានយល់ដឹងបន្ថែមអំពីការអប់រំចិត្តឱ្យចេះស្រឡាញ់ជាតិមាតុ ភូមិ គ្រួសារ និងខ្លួនឯង ចេះគោរពច្បាប់រដ្ឋ ច្បាប់ធម្មជាតិ និងសាសនាជាដើម។ ២) ឱ្យសិស្ស-និស្សិតកម្ពុជាចេះរស់នៅជាក្រុម ធ្វើការងារជាក្រុម និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក។ ៣) ស្តាប់វាគ្មិនកិត្តិយសជាតិ-អន្តរជាតិសំខាន់ៗ ចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ដើម្បីយកទៅប្រើប្រាស់ជាទុនសម្រាប់អភិវឌ្ឍន៍សមត្ថភាពបន្ថែម។ ៤) យុវជនកម្ពុជានឹងចេះហាត់ពត់ខ្លួនឯងឱ្យក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អប្រកបដោយសមត្ថភាព សីលធម៌ និងគុណធម៌នាពេលអនាគត (រៀនធ្វើជាអ្នកដឹកនាំ មុនពេលក្លាយខ្លួនជាអ្នកដឹកនាំ)។

សូមជម្រាបជូនថា អង្គការយុវជនអន្តរជាតិ (IYF) បានចុះអនុស្សារណៈយោគយល់ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅឆ្នាំ២០០៤ ដើម្បីអនុវត្តការងារបណ្តុះបណ្តាលអភិវឌ្ឍន៍ស្មារតី និងចិត្តគំនិតយុវជន តាមរយៈកម្មវិធីជាច្រើនមានដូចជា កម្មវិធីស្មគ្រ័ចិត្តបម្រើការនៅក្រៅប្រទេស កម្មវិធីបង្រៀនភាសាបរទេស វគ្គបណ្តុះបណ្តាលជំនាញខ្លីៗ កម្មវិធីសិក្ខាសាលាយុវជន កម្មវិធីបោះជំរំភាសាកូរ៉េ កម្មវិធីបោះជំរំភាសាអង់គ្លេស កម្មវិធីវប្បធម៌ពិភពលោក និងកម្មវិធីបោះជំរំអន្តរជាតិជាដើម ហើយតាំងពីបានចុះកិច្ចព្រមព្រៀងគម្រោងជាមួយក្រសួងអប់រំ យុវជន និងកីឡា នៅឆ្នាំ២០១០ និងភាពជាដៃគូជាមួយប៊ែលធីគ្រុប គឺអង្គការយុវជនអន្តរជាតិ បានរៀបចំកម្មវិធីបោះជំរំអន្តរជាតិបានចំនួន១២លើកនៅរាជធានីភ្នំពេញ តាមរយៈសកម្មភាពដ៏សម្បូរបែបជាច្រើនមានដូចជា ការពិភាក្សាជាក្រុម ការឡើងធ្វើបទបង្ហាញ ការបង្រៀនអំពីការអភិវឌ្ឍផ្នែកស្មារតី ការបង្រៀនអំពីការអប់រំផ្លូវចិត្ត សិក្ខាសាលាអភិវឌ្ឍន៍ជំនាញ ការសម្តែងតន្រ្តី ការបង្ហាញទស្សនីយភាពសិល្បៈ វប្បធម៌ និងសកម្មភាពកីឡាជាដើម៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





