ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ឆ្មក់ចូលមណ្ឌលសុខភាពកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចូលពិនិត្យនៅមណ្ឌលសុខភាពកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ទៅសុំសេវាសុខាភិបាល តែធាតុពិត គឺដើម្បីចង់ដឹង និងសង្កេតស្ថានភាពសេវាកម្មថែទាំព្យាបាល និងជួបសំណេះសំណាលជាមួយបុគ្គលិក និងប្រជាពលរដ្ឋនៅជិតខាងក្នុងន័យចង់ពង្រឹងសេវាផ្នែកសុខាភិបាលនៅតាមមូលដ្ឋានផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានបង្ហាញការកោតសរសើរចំពោះការបម្រើការងារបស់បុគ្គលិកមណ្ឌលសុខភាពដែលប្រចាំការដោយក្តីស្រឡាញ់ស្មោះស្ម័គ្រ ព្រមទាំងណែនាំដល់ប្រធានមណ្ឌលសុខភាពអំពីឥរិយាបថ សំដីសំដៅ និងការប្រាស្រ័យទាក់ទង ដោយបញ្ជាក់ពីការព្យាយាមរបស់ថ្នាក់ដឹកនាំក្រសួង នឹងបន្តគាំទ្រការកែលម្អឱ្យការដឹកនាំរបស់ប្រធានមណ្ឌលសុខភាពនេះឱ្យបានប្រសើរឡើង៕




ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងសុខាភិបាល)





