មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ ចុះអប់រំចិត្តសាស្ត្រផ្សព្វផ្សាយសភាពការណ៍ថ្មីៗដល់នាយ-ពលទាហាន
AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីរៀនសូត្រអប់រំចិត្តសាស្ត្រផ្សព្វផ្សាយសភាពការណ៍ថ្មីៗជូននាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការវរសេនាតូចអន្តរាគមន៍២៨២ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១។

ឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានកោតសរសើរដល់មេបញ្ជាការគ្រប់បណ្តាអង្គភាព ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តការងារ កសាង ហ្វឹកហ្វឺនរៀនសូត្រ បង្កបង្កើនផល ចិញ្ចឹមសត្វ សហការល្អជាមួយអង្គភាពមិត្ត។ល។ ឧត្តមសេនីយ៍ទោ មេបញ្ជាការកងពល ក៏បានលើកឡើងពីសារៈសំខាន់លើការងារអប់រំចិត្តសាស្ត្រ ដែលកងទ័ពទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការស្វែងយល់លើការងារសតិអារម្មណ៍ ស្មារតីស្នេហាជាតិ មាតុភូមិ និងប្រជាជន រក្សាសន្តិភាព ស្ថេរភាព ស្មោះត្រង់ដាច់ខាត ជាមួយរាជរដ្ឋាភិបាលគ្រប់តំណាក់កាល ពិសេសស្មោះត្រង់ដាច់ខាតជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឧត្តមសេនីយ៍ទោបានបន្តថា កងទ័ពត្រូវគោរពវិន័យ ក្រមសីលធម៌កងយោធពលខេមរភូមិន្ទ ប្រកាន់ភ្ជាប់នូវតួនាទីភារកិច្ច ពង្រឹងបទវិន័យទូទៅ សណ្តាប់ធ្នាប់ ការអនុវត្តបទបញ្ជាមេបញ្ជាការយោធភូមិភាគទី១ឱ្យបានដាច់ខាត៕

ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





