អង្គការ NatureLife បំពេញបេសកកម្មលើកកម្ពស់ស្រ្ដី ក្នុងតំបន់បឹងទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥-- ការលើកកម្ពស់ស្រ្ដីនៅតែជាបញ្ហាចម្បងក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងសហគមន៍បណ្ដែតទឹកនៃតំបន់បឹងទន្លេសាប ដែលមានអត្រានៃភាពក្រីក្រខ្ពស់ និងកង្វះឱកាសក្នុងការចូលរួមជាដើម។ បន្ថែមពីនេះ តំបន់បឹងទន្លេសាបជាតំបន់ដាច់ស្រយ៉ាល ដែលធ្វើឱ្យសហគមន៍មានផលលំបាកក្នុងការទទួលបានការអប់រំ គួបផ្សំជាមួយនឹងកង្វះនូវកម្មវិធី ឬគម្រោងនានាក្នុងការជំរុញបន្ថែមលើការចូលរួមរបស់ស្រ្ដីនេះ។

មន្ត្រីអង្គការ NatureLife បានឱ្យដឹងនៅថ្ងទី០១ ខែឧសភា ឆ្នាំ២០២៥ថា តាមរយៈមូលនិធិ CEPF ថ្មីៗនេះ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បាន និងកំពុងជំរុញការលើកកម្ពស់ស្រ្ដីក្នុងការចូលរួមក្នុងការគ្រប់គ្រងធនធានធម្មជាតិ។ គម្រោងបានជួយផ្សព្វផ្សាយចំណេះដឹង និងបញ្ហាយេនឌ័រដល់សហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួងនៃតំបន់រ៉ាមសារស្ទឹងសែន ហើយបានបង្កើតឱកាសចូលរួមបន្ថែមដល់ស្រ្ដី តាមរយៈការបង្កើនជម្រើសមុខរបរ និងឱកាសដឹកនាំក្នុងការគ្រប់គ្រងធនធានធម្មជាតិក្នុងសហគមន៍របស់ពួកគាត់។ មកទល់ពេលនេះ ស្រី្ដក្នុងសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង បានចាប់ផ្ដើមដឹកនាំក្នុងសហគមន៍របស់ពួកគេ រួមមានក្រុមសន្សំបា្រក់ ក្រុមតាមដានជីវចម្រុះស្រ្ដី និងក្រុមកែច្នៃត្រីឆ្អើរ ជាដើម បន្ទាប់ពីពួកគេទទួលបានចំណេះដឹង និងស្វែងយល់ពីបញ្ហាយេនឌ័របន្ថែម។ ឱកាសទាំងនេះមិនត្រឹមតែបានជំរុញឱ្យស្រ្ដីមានអំណាចហិរញ្ញវត្ថុប៉ុណ្ណោះទេ បានពង្រឹងអំណាចស្រ្ដីក្នុងការសម្រចចិត្ដក្នុងគ្រួសារ និងសហគមន៍ផងដែរ។ លើសពីនេះទៀត គម្រោងនេះបានលើកទឹកឱ្យប្រធានសហគមន៍ ដែលជាស្រ្ដី ហើយតែងចង់លាឈប់ ព្រោះគាត់ជាស្រ្ដីតែម្នាក់ក្នុងចំណោមគណៈកម្មការជាបុរស ឱ្យមានទំនុកចិត្ដឡើងវិញ ហើយបានចូលរួមយ៉ាងសកម្មភាពក្នុងការដឹកនាំសហគមន៍ ដែលផ្ដល់ជាមេរៀន និងគម្រូល្អលើកទឹកចិត្ដដល់ស្រ្ដីៗផ្សេងទៀត។

ដើម្បីពង្រីកការអនុវត្ដល្អនេះ អង្គការជីវិតធម្មជាតិ NatureLife ក៏បានផ្សព្វផ្សាយបន្ថែមដល់សហគមន៍មួយទៀត ក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារ គឺសហគមន៍តំបន់ការពារធម្មជាតិបាឡត។ កាលពីខែមេសា ឆ្នាំ២០២៥ គម្រោងបានរៀបចំសិក្ខាសិលាដោយអញ្ជើញគ្រូបង្គោលពីររូបនៃសហគមន៍តំបន់ការពារធម្មជាតិ ទួលនាងសាវ មកចែករំលែកដល់សមាជិកសហគមន៍តំបន់ការពារធម្មជាតិបាឡត ដើម្បីអាចឱ្យពួកគាត់មានសមត្ថភាពក្នុងការចែករំលែកបន្ដដល់សមាជិកសហគមន៍ផ្សេងទៀត។ គ្រូបង្គោលបានណែនាំពីចំណេះដឹងយេនឌ័រ ឆ្លុះបញ្ចាំងបញ្ហាប្រឈមនានា និងឱកាសក្នុងការជំរុញឱ្យមានការចូលរួមពីស្រ្ដី។ សមាជិកផ្សព្វផ្សាយយេនឌ័រក៏បានកំណត់ផែនការផ្សព្វផ្សាយបន្ដក្នុងសហគមន៍បាឡត ដោយនឹងរៀបចំសិក្ខាសិលាតូចជារៀងរាល់ខែសម្រាប់សមាជិក១០ ទៅ១៥រូប រហូតដល់សមាជិកទាំង១០០គ្រួសារ៕


ដោយ ណយ នឿន (ប្រភព៖ NatureLife)





