អាជ្ញាធរជាតិព្រះវិហារចាប់ផ្តើមជួសជុលប្រាសាទក្រហមក្នុងរមណីយដ្ឋានប្រាសាទកោះកេរ
AKP ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥-- នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំបើកការដ្ឋានអភិរក្ស និងជួសជុលប្រាសាទក្រហម ក្រោមការគាំទ្រថវិការបស់អង្គការ ALIPH នៃប្រទេសស្វីស។

គម្រោងនេះមានរយៈពេល៣ឆ្នាំ (២០២៥-២០២៨) ដោយអនុវត្តការងារអភិរក្ស និងជួសជុលដូចជា៖ សម្អាតដីចាក់បង្គរ ជួសជុលរចនាសម្ព័ន្ធប្រាសាទទាំងមូលដោយគោរពតាមបទដ្ឋានអន្តរជាតិ និងថែរក្សាគំនូរពណ៌នៅផ្នែកខាងក្នុង និងបាយអនៅលើផ្ទៃជញ្ជាំងខាងក្រៅ ដើម្បីរក្សាតម្លៃប្រវត្តិសាស្ត្រ និងភាពដើមរបស់សំណង់ប្រាសាទនេះ ទុកសម្រាប់អ្នកជំនាញក្រោយ។ ប្រាសាទក្រហមមានបាតប្រវែង១២ម៉ែត្របួនជ្រុង និងកម្ពស់១៧ម៉ែត្រ ជាប្រាសាទឥដ្ឋធំជាងគេក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទកោះកេរ។ ប្រាសាទនេះតម្កល់បដិមាព្រះឥសូររាំសង់អំពីថ្មភក់ កម្ពស់ប្រហែល ៦ម៉ែត្រតម្កល់លើបល្ល័ង្ក មានលម្អរូបពស់ព័ទ្ធជុំវិញ រួមទាំងសត្វតោឈរចំនួន៨នៅតាមជ្រុងនីមួយៗ។ ដោយឡែកនៅជុំវិញបល្ល័ង្កក៏មានបដិមាចំនួន៤ផ្សេងទៀតដូចជា៖ បដិមាព្រះនាងឧម៉ារាំ នាងចាមុនដា មហាកាល និងនន្ទិកេស្វរ។ បច្ចុប្បន្ន ប្រាសាទនេះបានរងការខូចខាតដោយសារការទុកចោលជាយូរឆ្នាំ កត្តាធម្មជាតិ និងកត្តាមនុស្ស តាមរយៈការការបំផ្ទុះគ្រាប់ និងជីកកាយដើម្បីលួចវត្ថុបុរណ ធ្វើឱ្យរចនាសម្ព័ន្ធប្រាសាទពុំមានលំនឹង មានស្នាមប្រេះបែកនៅលើផ្ទៃជញ្ជាំង ឥដ្ឋដាច់សសៃរ ពុកផុយ ជម្រាបទឹកភ្លៀង និងមានដុះរុក្ខជាតិនៅលើប្រាង្គ។

អាជ្ញាធរជាតិព្រះវិហារសូមថ្លែងអំណរគុណដល់អង្គការ ALIPH នៃប្រទេសស្វីសចំពោះការគាំទ្រផ្នែកថវិកាលើកិច្ចការអភិរក្ស និងជួសជុលប្រាសាទនេះ ដើម្បីរក្សាកេរមត៌កសម្រាប់អ្នកជំនាន់ក្រោយ៕


ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរជាតិព្រះវិហារ)





