ឯកឧត្តម សាយ សំអាល់ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន៥២៥០បណ្ណ
AKP ព្រះសីហនុ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពបណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ភូមិស្មាច់ដែង ភូមិថ្មធំ ភូមិរាម ភូមិអុង ឃុំរាម ស្រុកព្រៃនប់ បច្ចុប្បន្នសង្កាត់រាម ក្រុងកំពង់សោម និងភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅក្នុងបរិវេណវត្តស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម នារសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែឧសភា ឆ្នាំ២០២៥។
ឯកឧត្តម ម៉ាង ស៊ីណេត បានធ្វើរបាយការណ៍ស្តីពីការផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៥.២៥០បណ្ណ ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ នាឱកាសដ៏វិសេសវិសាលនេះ។ ពិធីផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដ៏មានសារៈសំខាន់នេះប្រព្រឹត្តទៅក្រោមបរិយាកាសដែលព្រះរាជាណាចក្រកម្ពុជា កំពុងធ្វើដំណើរឈានទៅមុខលើមាគ៌ាសន្តិភាពប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍ ដើម្បីកសាងអនាគតរបស់ខ្លួនឱ្យក្លាយជាអរិយប្រទេសមួយស្មើ មុខស្មើមាត់ដូចបណ្តាប្រទេសជឿនលឿនលើពិភពលោក។


១. ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ (LMAP)គម្រោងសាកល្បង Pre-LMAP និងបទបញ្ជាលេខ០១បប នៅទូទាំងខេត្តព្រះសីហនុ ស្មើនឹងចំនួន ១១១ភូមិ ក្នុងនោះបានវាស់វែងគូរក្បាលដីចំនួន ១៤៨.៥៣៧ក្បាលដី ប្រមូល និងបញ្ចូលទិន្នន័យចំនួន ១៤៧.៧៤១ក្បាលដី បិទផ្សាយចប់ចំនួន ១៤៤.៧៧១ក្បាលដី បានបញ្ចប់នីតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសរុបចំនួន ១១០ភូមិ ក្នុងនោះកំពុងដំណើរការចែកប័ណ្ណមានចំនួន ១០៥ភូមិ ស្មើនឹងចំនួន ១១៨.៤២៣ក្បាលដី (ក្នុងនោះក្រុមការងារបានចែកបណ្ណដល់ដៃប្រជាពលរដ្ឋចំនួន ៨៨.៨១៧បណ្ណ និងកំពុងចែកជាបន្តបន្ទាប់)។

ពិធីផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៥.២៥០បណ្ណនេះ ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ក្នុងនោះចំនួន៣.០៩០បណ្ណ ប្រភពមកពីអំណោយរដ្ឋបានចុះហត្ថលេខារួច និងអាចផ្តល់ជូនប្រជាពលរដ្ឋបាន ចំនួន៨៤១បណ្ណ ប្រភពមកពីអំណោយឪពុកម្តាយ សាច់ ញាតិមិនទាន់ចុះហត្ថលេខា និងតម្រូវឱ្យម្ចាស់ដកសំណុំឯកសារបញ្ជួនទៅបង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យពន្ធសូន្យ ឬអនុគ្រោះពន្ធនៅសាខាពន្ធដារខេត្តជាមុនសិន។ ចំនួន១.៣១៩បណ្ណប្រភពមកពីការទិញលក់មិនទាន់ចុះហត្ថលេខា និងតម្រូវឱ្យម្ចាស់ដកសំណុំឯកសារបញ្ជូនទៅបង់ពន្ធប្រថាប់ត្រា ផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យនៅសាខាពន្ធដារខេត្តជាមុនសិន។ ថ្មីៗនេះបានបញ្ចប់ការវាស់វែង និងបិទផ្សាយកាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៥ ចំនួន ១ភូមិ (ភូមិ៣ សង្កាត់លេខ១) ស្មើនឹង ៣.៣២៧ក្បាល ដី។ ចំពោះក្បាលដីដែលមិនអាចចេញប័ណ្ណបានចំនួន ២០.៧៤១ក្បាលដី ក្នុងនោះ៖ ទំនាស់ ១២.៧៨៥ក្បាលដី គ្មានទិន្នន័យ ៦.៦៦៧ក្បាលដី ពាក់ព័ន្ធបទបញ្ជាលេខ០១បប មាន ៧៧៧ក្បាលដី ពាក់ព័ន្ធក្បាលដីនៅកោះរ៉ុង ៥១២ក្បាលដី។

២. ការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ បាននិងកំពុងអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំជូនប្រជាពលរដ្ឋ និងអង្គភាពរដ្ឋចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៤ បានចំនួន ១.៤៧៥ក្បាលដី។ សម្រាប់ឆ្នាំ២០២៤ បានចំនួន ២៨៥ក្បាលដី។
ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលផ្តាំផ្ញើ និងបានថ្លែងអំណគុណមន្ត្រីសុរិយោដី អាជ្ញាធរ និងសមាជិកក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសដែលឯកឧត្តមចូលរួមផ្តល់បណ្ណកម្មសិទ្ធសម្គាល់ម្ចាស់អចលនវត្ថុជូនពុកម៉ែនាពេលនេះ ព្រោះការចុះបញ្ជីដីធ្លីមានលក្ខណជាប្រព័ន្ធទទួលបានជោគជ័យ គឺដោយមានការចូលរួមពីពុកម៉ែ រហូតឈានដល់ការបិទ ផ្សាយនូវទិន្នន័យក្បាលដីដែលក្រុមការងារប្រមូលបានក្នុងការប្រមូលធាតុចូលសម្រាប់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធក្នុងខេត្តព្រះសីហនុ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្រាប់ខេត្តព្រះសីហនុ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធត្រូវបានបញ្ចប់ទាំង១១១ភូមិ ហើយអ្វីដែលនៅសេសសល់ យើងនឹងខិតខំសម្របសម្រួលដោះស្រាយ និងឈានចេញបណ្ណកម្មសិទ្ធដីធ្លីជូនពុកម៉ែនាពេលខាងមុខ។ ទន្ទឹមនោះឯកឧត្តម ក៏បានធ្វើការណែនាំដល់មេភូមិ និងចៅសង្កាត់ត្រូវបោះ បង្គោលកំណត់ព្រំភូមិនិមួយៗដើម្បីដាក់ចូលប្រព័ន្ធកូដក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ឱ្យបានត្រឹមត្រូវ ដើម្បីផ្តល់សុវត្ថិភាពក្នុងការកាន់កាប់អចលនវត្ថុ ព្រោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ជាប្រធានព្រឹទ្ធសភា បានទទួលស្គាល់កម្មសិទ្ធស្របច្បាប់ចាប់ពីឆ្នាំ១៩៨៩មក ក្នុងការផ្តល់នូវសុវត្ថិភាពក្នុងការកាន់កាប់អចលនវត្ថុ ដូច្នេះសូមប្រើប្រាស់បណ្ណកម្មសិទ្ធរបស់យើងឪ្យបានត្រឹមត្រូវ និងសូមជូនពរឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនាពេលនេះ មានសុខភាពល្អគ្រប់ក្រុមគ្រួសារ៕
ដោយ ងូ សុមុនី





