ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា អញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាលរបស់មន្ដ្រី បុគ្គលិកនៃមណ្ឌលសុខភាពសង្កាត់លេខ១ ខេត្ដព្រះសីហនុ
AKP ភ្នំពេញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខដល់មន្ដ្រី បុគ្គលិកសុខាភិបាល នៃមណ្ឌលសុខភាពសង្កាត់លេខ១ ខេត្ដព្រះសីហនុ ដោយមិនបានជូនដំណឹងជាមុន នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែឧសភា ឆ្នាំ២០២៥ ។


ក្នុងឱកាសនោះ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ត្រីបានសង្កេតឃើញថាមន្ត្រី បុគ្គលិកសុខាភិបាល មានភាពរហ័សរហួន រួសរាយរាក់ទាក់ មានបុគ្គលិកប្រចាំការ អនាម័យ ឥរិយាបថ និងក្រមសីលធម៌វិជ្ជាជីវៈសមរម្យ។ នៅមណ្ឌលសុខភាព មានប្រជាពលរដ្ឋមកទទួលសេវាល្អ ការរក្សាទុកវ៉ាក់សាំងត្រឹមត្រូវ បរិក្ខារ ឱសថគ្រប់គ្រាន់ បន្ទប់ពិនិត្យផ្ទៃះពោះ បន្ទប់ថែទាំក្រោយសម្រាល និងបន្ទាប់ពិគ្រោះជំងឺសមរម្យ។ មានបុគ្គលិប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ក្នុង៧ថ្ងៃ សម្រាប់ការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយភាពកក់ក្តៅចំពោះអ្នកជំងឺ និងប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។


ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានសួរសុខទុក្ខមន្រ្តីរាជការ និងណែនាំដល់មន្ដ្រី បុគ្គលិកនៃមណ្ឌលសុខភាព ត្រូវចែករំលែកបទពិសោធន៍គ្នា សហការគ្នា និងបង្កើនសមត្ថភាពចំណេះជំនាញបច្ចេកទេសបន្ថែមទៀត ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាជន ឱ្យកាន់តែល្អប្រសើរប្រកបដោយប្រសិទ្ធភាព គុណភាព ស័ក្តិសិទ្ធភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងសុខាភិបាល)





