រាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោក ឈ្មោះថាជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥-- រាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។ នេះបើតាមការផ្សាយដោយ VISA2FLY ដកស្រង់ដោយ SEA Infographics។

ចំណាត់ថ្នាក់នេះត្រូវបានចាត់ដោយ VISA2FLY ក្នុងចំណោមរាជធានី និងទីក្រុងនៃបណ្ដាប្រទេសជុំវិញពិភពលោកចំនួន១៤ រួមមាន៖ លេខ១ បានទៅលើទីក្រុងបាងកក ប្រទេសថៃ លេខ២ រាជធានីភ្នំពេញ ប្រទេសកម្ពុជា លេខ៣ ទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី លេខ៤ទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម លេខ៥ ទីក្រុងហូជីមីញ ប្រទេសវៀតណាម លេខ៦ ទីក្រុងអ៊ីនស្តេនប៊ុល ប្រទេសតួកគី លេខ៧ទីក្រុងឡាស វេហ្កាស សហរដ្ឋអាមេរិក លេខ៨ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ លេខ៩ទីក្រុងអ៊ីប៊ីហ្សា ប្រទេសអេស្ប៉ាញ លេខ១០ ទីក្រុងម៉ាយយ៉ាមី សហរដ្ឋអាមេរិក លេខ១១ទីក្រុងតូក្យូ ប្រទេសជប៉ុន លេខ១២ទីក្រុងរីយ៉ូដឺ ហ្សាណេរ៉ូ ប្រទេសប្រេស៊ីល លេខ១៣ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស និងលេខ១៤ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។


រាជធានីភ្នំពេញដែលជាបេះដូងប្រទេសកម្ពុជាក៏ធ្លាប់បានជាប់ក្នុងចំណាត់ថ្នាក់លេខ៩ នៃគោលដៅទេសចរណ៍ពេញនិយមទាំង១០នៅលើពិភពលោក សម្រាប់ឆ្នាំ២០២៤ ផងដែរ ខណៈគេហទំព័រឌីជីថលទេសចរណ៍ ឈ្មោះថា Agoda បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់រាជធានីភ្នំពេញ គឺជាទិសដៅចូលឆ្នាំសកល ដែលមានតម្លៃសមរម្យបំផុតនៅអាស៊ី។ បន្ថែមលើនេះបើតាម Tripadvisor រាជធានីភ្នំពេញ ក៏បានជាប់ជាទិសដៅពេញនិយមបំផុតទាំង២៥ទីក្រុង នៅលើពិភពលោក សម្រាប់ឆ្នាំ២០២៥។

សូមបញ្ជាក់ដែរថា ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាបានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ថា រាជធានីភ្នំពេញបានឈ្នះរាជធានី និងទីក្រុងធំៗបំផុតរបស់ពិភពលោកជាគោលដៅកម្សាន្តពេលរាត្រីដ៏ទាក់ទាញបំផុតទីពីរ ដែលនេះក៏ពាក់ព័ន្ធនឹងការបើកដំណើរការសាកល្បងនៃផ្លូវថ្មើជើង (Walk Street) រៀងរាល់ចុងសប្តាហ៍ដែលបាន និងកំពុងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តកាន់តែច្រើនឡើងៗ៕
ដោយ សួស សំរិត





