ក្រសួងប្រៃសណីយ៍ រៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងអំពី“កិច្ចការពារទិន្នន័យបុគ្គល”
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ -- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងស្តីពី «កិច្ចការពារទិន្នន័យបុគ្គល» ជូនដល់ មន្ត្រីរាជការនៃអង្គភាពចំណុះ ក.ប.ទ. ប្រមាណ ១៥០ នាក់ ក្រោមអធិបតីភាព ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការ ក.ប.ទ.។

ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍លើកឡើងថា បរិវត្តកម្មឌីជីថលទាមទារឱ្យមន្ត្រីរាជការត្រូវតែផ្លាស់ប្តូរផ្នត់គំនិត និងខិតខំអភិវឌ្ឍសមត្ថភាពជាប្រចាំ ដើម្បីដើរឱ្យទាន់ការរីកចម្រើនផ្នែកបច្ចេកវិទ្យា ។ សិក្ខាសាលានេះគឺជាវេទិកាដ៏មានសារៈសំខាន់ ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹង"កិច្ចការពារទិន្នន័យបុគ្គល" ដែលជាមូលដ្ឋានគ្រឹះនៃសុវត្ថិភាពក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថល។ ក្នុងនោះដែរ វគ្គបណ្តុះបណ្តាលនឹងផ្តោតសំខាន់លើប្រធានបទគន្លឹះចំនួន ៣ ដែលបង្ហាញដោយវាគ្មិនជំនាញរួមមាន ទី១ ទិន្នន័យបុគ្គល និងការធ្វើប្រព្រឹត្តកម្មទិន្នន័យបុគ្គល ទី២ ប្រធានទិន្នន័យ និងសិទ្ធិរបស់ប្រធានទិន្នន័យ និង ទី៣ បុគ្គលគ្រប់គ្រងទិន្នន័យ និងបុគ្គលធ្វើប្រព្រឹត្តកម្មទិន្នន័យ។

ឯកឧត្តម ម៉ុក រ៉ាឌី អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល បានមានប្រសាសន៍ថា៖ “កិច្ចការពារទិន្នន័យបុគ្គល គឺជាមូលដ្ឋានគ្រឹះនៃទំនុកចិត្តរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលប្រកបដោយចីរភាព។ ដូច្នេះ យើងត្រូវស្វែងរកតុល្យភាពឱ្យបានត្រឹមត្រូវ រវាងការការពារទិន្នន័យ និងការជំរុញនវានុវត្ត ដោយការការពារខ្លាំងពេកអាចបង្ករាំងស្ទះដល់ការច្នៃប្រឌិត ខណៈការការពារខ្សោយអាចនាំឱ្យបាត់បង់ទំនុកចិត្តពីសាធារណជន។ សូមមន្ត្រីរាជការដែលបានរៀនសូត្រថ្ងៃនេះក្លាយជាគំរូល្អក្នុងការចូលរួមកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលប្រកបដោយទំនុកចិត្ត និងផ្សព្វផ្សាយចំណេះដឹងអំពីកិច្ចការពារទិន្នន័យបុគ្គល ដោយអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ក្នុងការប្រើប្រាស់ ការរក្សាទុក ការចែករំលែក និងការគ្រប់គ្រងទិន្នន័យ ។

សូមបញ្ជាក់ថា អង្គសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងបញ្ជ្រាបការយល់ដឹងឱ្យកាន់តែច្បាស់ដល់មន្ត្រីរាជការនៃអង្គភាពចំណុះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អំពីសារៈសំខាន់ និងគោលការណ៍គ្រឹះនៃកិច្ចការពារទិន្នន័យបុគ្គល ព្រមទាំងខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័សនៃបច្ចេកវិទ្យាឌីជីថល ៕

ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងប្រៃសណីយ៍)





