ឯកឧត្តម សុខ លូ ចូលរួមខួបអនុស្សាវរីយ៍លើកទី ១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា
AKP បាត់ដំបង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ -- ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ ដែលពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណក្រុមហ៊ុន បាត់ដំបង ខនស៍ ស៊ីមេន ខមភេនី លីមីធីត ស្ថិតក្នុងស្រុករតនមណ្ឌល ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់បងប្អូនកម្មករនិយោជិតនៅទូទាំងពិភពលោក ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រារព្ធជារៀងរាល់ឆ្នាំ។ ការជ្រើសរើសប្រធានបទ រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ សម្រាប់ទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០២៦នេះគឺជាសក្ខីភាពនៃការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើក កម្ពស់ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់និងចីរភាព កែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ សំដៅឱ្យមានភាពកាន់តែប្រសើរឡើងនូវទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការដោយប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ក៏ដូចជាបង្កើតភាពធន់សម្រាប់ការងារសមរម្យនៅកម្ពុជា។

ឯកឧត្តម បានណែនាំដល់កម្មករនិយោជិតត្រូវយកចិត្តទុកដាក់ខិតខំបំពេញការងារ គោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ព្រមទាំងចូលរួមប្រើប្រាស់កម្មវិធីទូរសព្ទដៃ «App NoDrug» ដែលជាមធ្យោបាយលឿនឆាប់រហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០ភាគរយចំពោះអ្នករាយការណ៍ករណីគ្រឿងញៀន។ក្នុងបរិបទដែលប្រទេសកម្ពុជាទទួលរងការឈ្លានពានពីភាគីថៃ ឯកឧត្តម បានក្រើនរំលឹកដល់បងប្អូនកម្មករនិយោជិតទាំងអស់ត្រូវបន្តមានស្មារតីជាតិនិយម រួមគ្នាគាំទ្រផលិតផលខ្មែរ ដើម្បីប្រទេសជាតិយើងរឹងមាំ និងសាមគ្គីគ្នាជាធ្លុងមួយគាំទ្រជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយភាគីថៃ ដោយរាជរដ្ឋាភិបាលមិនដែលបោះបង់ទឹកដីចោលឡើយហើយកម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។

ដើម្បីតម្រង់ទិសការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាព ឯកឧត្តម សុខ លូ បានណែនាំឱ្យមន្ទីរការងារ សាខាបេឡាជាតិសន្តិសង្គម មជ្ឈមមណ្ឌលការងារខេត្ត និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្ត ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធសំដៅធានាលើកកម្ពស់សិទ្ធិ ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូររបស់បងប្អូនកម្មករនិយោជិត ៕
ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





