ក្រសួងសាធារណការរៀបចំវេទិកាផ្សព្វផ្សាយអំពីការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងតាខ្មៅ
AKP កណ្ដាល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្ដម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានគូសបញ្ជាក់នៅក្នុងវេទិកាផ្សព្វផ្សាយអំពីការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងការងារតភ្ជាប់បណ្តាញលូទឹកកខ្វក់តាមខ្នងផ្ទះនៅក្រុងតាខ្មៅ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅសួនច្បារមាត់ស្ទឹង ក្រុងតាខ្មៅ ថា វេទិកានេះធ្វើឡើងដើម្បីផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រងទឹកកខ្វក់ ហើយនៅពេលដែលយើងមានប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់រួចហើយ នោះយើងនឹងរៀបចំប្រព័ន្ធលូថ្មី ដោយបែងចែកគ្នាដាច់គឺប្រព័ន្ធលូទឹកកខ្វក់ផ្សេង និងលូទឹកភ្លៀងផ្សេង។

ឯកឧត្ដមរដ្ឋលេខាធិការ បានបន្តថា ប៉ុន្តែនៅសព្វថ្ងៃនេះប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់នៅជាមួយគ្នា ដោយបង្ហូរចូលទៅ ទន្លេ ស្ទឹង បឹង ត្រពាំង ស្រះ ឬប្រភពផ្សេងៗទៀត ហើយនៅពេលដែលមានជំនន់ទឹកភ្លៀងនោះធ្វើឱ្យទឹកមានក្លិនមិនល្អផងដែរ។ ប៉ុន្តែនៅពេលក្រុមការងារកំពុងអនុវត្តគម្រោងដាក់បណ្ដាញលូថ្មី ការតភ្ជាប់បណ្ដាញលូទឹកកខ្វក់ក្រុមការងារតចូលផ្ទះរបស់បងប្អូន ដោយមិនគិតលុយឡើយ តែបងប្អូនត្រូវចុះឈ្មោះដើម្បីឱ្យក្រុមការងារគ្រប់គ្រងបាន ប៉ុន្តែនៅពេលដែលគម្រោងចាប់ផ្ដើមនោះ បងប្អូនដែលមិនទាន់បានតភ្ជាប់ត្រូវតែបង់សេវាក្នុងការតភ្ជាប់។ សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នេះ ជំហានដំបូងគឺគ្របដណ្ដប់នៅសង្កាត់ចំនួន៦ នៅក្នុងក្រុងតាខ្មៅ រួមមានសង្កាត់ដើមមៀន សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ សង្កាត់ព្រែកឫស្សី សង្កាត់កំពង់សំណាញ់ និងសង្កាត់តាក្ដុល។ ដែលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងតាខ្មៅ ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរាជរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលមានសមត្ថភាពច្រោះទឹកបាន ១២,០០០ ម៉ែត្រគូបក្នុង១ថ្ងៃ (តាមវិធីសាស្ត្រអាងចម្លោះតាមបែបធម្មជាតិ) មានទីតាំងស្ថិតនៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ គម្រោងនេះមានគោលបំណងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបរិស្ថានចាំបាច់សម្រាប់ការប្រមូលយក និងធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ ដោយត្រូវធ្វើការសាងសង់ ដូចជា បណ្តាញប្រព័ន្ធលូទឹកកខ្វក់ដាច់ដោយឡែក ស្ថានីយធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ និងស្ថានីយបូមទឹកកខ្វក់ អោយស្របនឹងកំណើនយ៉ាងរហ័សនៃការបញ្ចេញទឹកកខ្វក់។ ជារួម តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន គម្រោងនឹងសម្រេចបាននូវការកែលម្អស្ថានភាពអនាម័យ និងសុខភាពនៃក្រុងតាខ្មៅតាមរយៈការស្ថាបនាប្រព្រឹត្តកម្មទឹកកខ្វក់។ ពង្រីកការផ្លាស់ប្តូរពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េ តាមរយៈការ ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាការកសាងបណ្តាញធនធានមនុស្សសម្រាប់ គម្រោងនានានៅក្រៅប្រទេស។ ដើម្បីដាក់ពាក្យស្នើសុំតភ្ជាប់បណ្តាញលូទឹកកខ្វក់តាមខ្នងផ្ទះ ប្រជាពលរដ្ឋត្រូវថតចម្លងឯកសារដូចជា៖អត្តសញ្ញាណប័ណ្ណ ប្លង់ដីកម្មសិទ្ធ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ អាជ្ញាបណ្ណទេសចរណ៍ប័ណ្ណពន្ធប៉ាតង់ និងវិក្កយបត្រទឹកស្អាត សារប្រយោជន៍នៃការតភ្ជាប់បណ្តាញលូទឹកកខ្វក់ ធ្វើប្រព្រឹត្តកម្មស្របតាមស្តង់ដា និងមានសុវត្ថិភាព មុននឹងបញ្ចេញទៅ ប្រភពទឹកសាធារណៈដូចជា៖ ទន្លេ ស្ទឹង បឹង ត្រពាំង ស្រះ និងប្រភព ទឹកលើដី។ ល។ មានតុល្យភាពនៅក្នុងទឹកក្រោមដី ក្នុងតំបន់ដោយការបញ្ចេញទឹក ដោយគ្មានជាតិពុលដែលបង្កគ្រោះថ្នាក់ដល់ជីវចម្រុះ។

ឯកឧត្ដមរដ្ឋលេខាធិការបានបន្តថា ការតបណ្តាញទឹកក្វក់បានល្អគឺ បង្កើនសោភ័ណភាពក្នុងតំបន់ជាពិសេសសម្រាប់ខេត្តទេសចរណ៍ និងតំបន់សេដ្ឋកិច្ចពិសេស មានខ្យល់អាកាសបរិសុទ្ធ ចៀសផុតជំងឺផ្លូវដង្ហើមនានា លើកកម្ពស់សុខុមាលភាពខ្លួនប្រាណរបស់សមាជិកគ្រួសារ បង្ការជំងឺរាតត្បាតដល់មនុស្ស សត្វ និងមច្ឆជាតិ។ កុមារា កុមារី មានសុខភាពល្អ លូតលាស់រឹងមាំ និងឆ្លាតវៃ សន្សំសំចៃការចំណាយ កាត់បន្ថយការចំណាយលើសេវាបូមសម្អាតប្រព័ន្ធទឹកកខ្វក់ កាត់បន្ថយការចំណាយលើការថែទាំសុខភាពសមាជិកគ្រួសារ បង្កើនប្រាក់ចំណូលគ្រួសារ តាមរយៈការលក់ដូរ និងការបម្រើសេវាកម្មដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





