អភិបាលស្រុកស្ទោងអំពាវនាវដល់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានបន្តវប្បធម៌សាមគ្គីនិងចែករំលែកដើម្បីពុទ្ធចក្រ និងអាណាចក្រមានការរីកចម្រើន
AKP កំពង់ធំ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥-- លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវដល់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានបន្តវប្បធម៌សាមគ្គីចែករំលែកដើម្បីពុទ្ធចក្រ និងអាណាចក្រមានការរីកចម្រើន ក្នុងឱកាសដែលលោក និងព្រះអង្គគ្រូនាគសត្ថាសុខុមោល នី សុវណ្ណមុន្នីរ៉េត និងព្រះគ្រូ កែវ សុវណ្ណកុមារ ចៅអធិការវត្តទំពេជ និងសហការី បានអញ្ជើញ និងនិមន្តជាអធិបតីភាព និងចូលរួមក្នុងពិធីកាត់តែខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់សាលាធម្មសភានិងសមិទ្ធផលនានានៅក្នុងវត្តគិរីវង្សារាម ហៅវត្តទំពេជ ស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៥។

លោក សាយ គឹមឡម បានមានប្រសាសន៍ថា ដោយប្រទេសជាតិមានសុខសន្តិភាព និងកំពុងអភិវឌ្ឍជឿនលឿនខ្លាំង ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទើបយើងមានឱកាសធ្វើបុណ្យទានជុំគ្នា ជាពិសេសការសន្សំនូវបុញ្ញនិធិ សម្រាប់ទាំងជាតិនេះ និងអនាគតជាតិនិងបានថ្លែងអំណរព្រះគុណនិងអរគុណជាអនេកកប្បការដល់ព្រះគ្រូចៅអធិការព្រះថេរានុថេរៈគ្រប់ព្រះអង្គ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ ដែលតែងតែរួបរួមសហការនិងបរិច្ចាគបច្ច័យធនធានសព្វបែបយ៉ាងក្នុងការចូលរួមអភិវឌ្ឍវត្តទំពេជនិងលើកកម្ពស់ពុទ្ធសាសនាឱ្យបានរុងរឿងតរៀងទៅ។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុកស្ទោង បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតដល់ព្រះគ្រូ នាគ សត្ថាសុខុមោល នី សុវណ្ណមុន្នីរ៉េត ដែលតែងតែឧបត្ថម្ភគាំទ្រនិងជ្រោមជ្រែងពុទ្ធសាសនា ជាពិសេសចូលរួមអភិវឌ្ឍវត្តអារាមនានា និងបាននិមន្តជាព្រះអធិបតីភាពក្នុងពិធីកាត់ខ្សែបូរក្នុងពិធីដ៏វិសេសវិសាលនេះ។

ជាមួយនេះផងដែរព្រះអង្គគ្រូ នី សុវណ្ណមុន្នីរ៉េត បានមានសង្ឃដីការណែនាំដល់ពុទ្ធបរិស័ទជិតឆ្ងាយត្រូវខិតខំសិក្សាឈ្វេងយល់ពីព្រះពុទ្ធសាសនានិងអប់រំទូន្មានប្រៀនប្រដៅកូនចៅឱ្យខិតខំសិក្សារៀនសូត្រឱ្យអស់ពីលទ្ធភាព ដោយព្រហ្មវិហារធម៌ជាពិសេសដើម្បី អនាគតបុត្រធីតារបស់ខ្លួនឱ្យបានភ្លឺស្វាងនិងក្លាយជាទំពាំងស្នងឬស្សីហើយជាអ្នកទ្រទ្រង់ពុទ្ធសាសនាដោយឈ្លាសវៃ និងជ្រះថ្លា។

ក្នុងឱកាសនោះ លោក សាយ គឹមឡម និងសហការីបានចូលរួមបុណ្យនូវបច្ច័យចំនួន៧៨៥០០០រៀល ហើយ ព្រះគ្រូ នី សុវណ្ណមុន្នីរ៉េត បានចូលបុណ្យនូវបច្ច័យចំនួន២លានរៀល ជូនក្រុមភ្លេងពិណពាទ្យ១០ម៉ឺនរៀល អ្នកកាន់ខ្សែបូរ ១០ម៉ឺនរៀល លោកគ្រូអ្នកគ្រូ១០ម៉ឺនរៀល ប្រជាការពារ១១ម៉ឺនរៀលសិក្សានុសិស្សចំនួន២២០នាក់ ក្នុងម្នាក់ទទួលបាននូវសៀវភៅ១ក្បាល ប៊ិច១ដើម ខ្មៅដៃ១ដើម និងថវិកា១ពាន់រៀល៕
ដោយ ស៊ុម វណ្ណា





