កម្ពុជាត្រូវការឈាមជាមធ្យមប្រមាណជិត១៨ម៉ឺនប្លោកសម្រាប់សង្គ្រោះជីវិតមនុស្សក្នុងមួយឆ្នាំ
AKP សៀមរាប ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥-- ថ្លែងក្នុងពិធីបើកយុទ្ធនាការ បរិច្ចាគឈាមសង្រ្គោះជីវិតមនុស្ស ដែលបានធ្វើឡើងនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកឡើងថា ជារៀងរាល់៥នាទីម្តង កម្ពុជាមានតម្រូវការឈាមមួយប្លោក។ ដូច្នេះនៅទូទាំងប្រទេសគេត្រូវការឈាមប្រមាណ១៨ម៉ឺនប្លោក សម្រាប់សង្គ្រោះជីវិតអ្នកជំងឺ ក្នុងនោះរាជធានីភ្នំពេញមានតម្រូវការឈាមប្រចាំថ្ងៃរហូតដល់៣៥០ប្លោក។

លោក សុខ ប៉ូ បានពន្យល់ថា ការផ្តល់ឈាមក្រៅពីសង្គ្រោះជីវិតមនុស្សបាន វាក៏បានផ្តល់អត្ថប្រយោជន៍ដល់អ្នកបរិច្ចាគផ្ទាល់ខ្លួនផងដែរ ដូចជាទទួលបានការពិនិត្យពិគ្រោះសុខភាពម្តង ឱ្យយើងបានដឹងពីស្ថានភាពជំងឺឆ្លងផ្សេងៗ ដូចជា ជំងឺថ្លើមប្រភេទ បេ សេ ស្វាយ អេដស៍ និង ជួយកាត់បន្ថយនូវហានិភ័យនៃជំងឺមហារីកនានា និងកាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ថ្លើម និងលំពែង ព្រមទាំងជួយធ្វើឱ្យប្រសើរឡើង នូវសុខភាពបេះដូង បន្ថយការឡើងទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាលជាដើម។

លោក សុខ ប៉ូ បន្ថែមថា ជាមួយគ្នានេះការផ្តល់ឈាមក៏បានផ្តល់អត្ថប្រយោជន៍សម្រាប់សង្គមជាតិ ជាកាតព្វកិច្ចរបស់ពលរដ្ឋល្អ ការបរិច្ចាគឈាម គឺជាការប្រគល់ជូន ត្រលប់មកវិញនូវមាតា បិតា ស្វាមី ភរិយា បុត្រា បុត្រី ជាទីស្រឡាញ់ជូនក្រុមគ្រួសារវិញ ប្រកប ដោយសមធម៌ធ្វើឱ្យសង្គមជាតិមួយមានសុជីវធម៌ល្អ គុណធម៌ល្អ និងវប្បធម៌ល្អ នេះគឺជាការឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹង ទិសស្លោក (យុវជនយុវនារី ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ) (យើងទាំងអស់គ្នាអាចធ្វើបាន) ដែលជាភាសា បេះដូង មួយសម្រាប់យុវជនយើងទាំងអស់គ្នា។ លោកថា ការបរិច្ចាគឈាមមិនត្រឹមតែជួយក្រុមគ្រួសារទេ គឺសម្រាប់ ខ្លួនយើងទាំងអស់គ្នា។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការបរិច្ចាគឈាម គឺជាការបង្ហាញពីទឹកចិត្តការស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។ អ្នកផ្តល់ឈាមទាំងអស់ គឺជាវីរបុរស ហើយការផ្តល់ឈាម គឺជាការធ្វើអំពើល្អ ផ្តល់នូវទឹកចិត្តក្តីមេត្តា ហើយចងចាំថាការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ ពីមនុស្ស មិនមានរោងចក្រណាអាចផលិតបានទេ ។ តាមរយៈយុទ្ធនាការនេះ បានបង្ហាញឱ្យឃើញនូវការសហការគ្នា សាមគ្គីភាព ជាធ្លុងមួយរវាងវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីជាផ្នែកមួយក្នុងការពង្រឹងវិស័យសុខាភិបាលនៅកម្ពុជា។

លោកអភិបាលរងបន្តថា ការផ្តល់ឈាមក៏ជាប្រធានបទមួយសម្រាប់យើងទាំងអស់គ្នា។ ហើយយុទ្ធនាការនេះមានគោលបំណងសំខាន់ គឺបង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្នុងការជំរុញលើកកម្ពស់ឱ្យយុវជនប្រជាពលរដ្ឋទូទៅ ចូលរួមធ្វើសកម្មភាពជាមួយការផ្តល់ឈាម ដើម្បីធានាឱ្យមានការផ្តត់ផ្គង់ឈាមគ្រប់គ្រាន់ សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅតាមមន្ទីរពេទ្យ៕
ដោយ ឃុត សៅ





