អ្នកភូមិស្រែចង្ហូតធ្វេីពិធីបុណ្យឆ្លងចេត្រ និងសុំទឹកភ្លៀងនៅប្រាសាទលាក់នាង ខេត្តសៀមរាប
AKPសៀមរាប ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥--ប្រជាពលរដ្ឋរស់នៅតំបន់អង្គរ នៅតែពឹងផ្អែកលើទឹកភ្លៀង ដើម្បីធ្វើស្រែចម្ការ។ នៅរដូវវស្សា ពេលខ្លះភ្លៀងធ្លាក់ពុំត្រូវតាមពេលវេលា ខ្លះរាំងភ្លៀង ទឹកមិនគ្រប់គ្រាន់ ពេលខ្លះភ្លៀងធ្លាក់ច្រើនពេក ទាំងនេះហើយ ជាកង្វល់យ៉ាងធំរបស់ប្រជាពលរដ្ឋ។

ពិធីសុំទឹកភ្លៀងនេះ ធ្វើខុសគ្នាពីភូមិទៅភូមិមួយ ហើយជាពិធីទាក់ទងនឹងជំនឿជីវចលតែប៉ុណ្ណោះ តែយ៉ាងណាក៏មានកិច្ចក្នុងពុទ្ធសាសនាខ្លះដែរ។ ជាក់ស្តែងប្រជាពលរដ្ឋរស់នៅភូមិស្រែចង្ហូត ស្ថិតនៅសង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែនខេត្តសៀមរាប បានរៀបចំធ្វើពិធីសុំទឹកភ្លៀង និងបុណ្យឆ្លងចេត្ររួមគ្នានៅប្រាសាទលាក់នាង នាថ្ងៃទី២២-២៣ ខែមេសា ឆ្នាំ២០២៥។

លោកអាចារ្យ រួន រាន បានឱ្យដឹងថា៖ជារៀងរាល់ឆ្នាំអ្នកភូមិតែងបានកំណត់វេលាជាក់លាក់មួយ ដើម្បីមកជួបជុំគ្នានៅប្រាសាទលាក់នាង ប្រារព្ធពិធីបុណ្យសុំទឹកភ្លៀង ដែលជាប្រពៃណីរបស់អ្នកភូមិគោរ ពប្រត្តិបត្តិ តាំងពីបុរាណកាលរាប់រយឆ្នាំមកហើយ ព្រោះជាជំនឿដ៏ស័ក្តិសិទ្ធិមួយ។

លោកតាអាចារ្យថា មិនដែលខកខានមួយឆ្នាំណាឡើយ អ្នកភូមិតែងរួមគ្នាប្រារព្ធពិធីនេះ ក្នុងគោលបំណងសំខាន់ៗពីរផ្សេងគ្នាមួយ គឺពិធីឆ្លងចេត្រ និងពិធីបួងសួងសុំទឹកភ្លៀង។ លោកតាបន្តទៀតថា កិច្ចពិធីសំខាន់ៗ ដើម្បីបួងសួងទៅកាន់ម្ចាស់ទឹក ម្ចាស់ដី បារមីតួអង្គវត្ថុស័ក្តិសិទ្ធិរួមមាន៖ ស្តេចដំរី នាងលាក់នាង ព្រះលឹម លោកតារាជ្យ លោកតាជ័យ លោកតាពពកស រួមទាំងលោកយាយលលកស ដើម្បីបួងសួង និងប្រារព្ធនូវកិច្ចសំខាន់ៗតាមជំនឿមក រយៈពេលមួយយប់ពីរថ្ងៃ សូមឱ្យបារមីអស់លោក ថែរក្សាកូនចៅជួបតែសេចក្តីសុខ និងទទួលបានទឹកភ្លៀងគ្រប់គ្រាន់ សម្រាប់បង្កបង្កើនផលកសិកម្មពេញមួយឆ្នាំ។

បន្ទាប់ពីកិច្ចពិធីតាមសាសនា និងបញ្ជូលរូបស្នង ប្រជាពលរដ្ឋក៏បានរាំលេងសប្បាយហើយនៅខាងមុខប្រាសាទលាក់នាងទៀតផងដែរ។ជាមួយគ្នានេះអ្នកភូមិបានសូនដីខ្សាច់រាងបួនជ្រុងជារូបនាគព័ន្ធ តំណាងស្រះទឹក ក្នុងស្រះមានសត្វដូចជា ក្តាម ត្រី កង្កែប អណ្តើក ក្រពើ កំពឹស ខ្យង អន្ទង់ ដែលត្រូវមានកិច្ចពិធីនិមន្តព្រះសង្ឃគង់ឈរជុំវិញស្រះ សូត្រធម៌មហាមេឃ ដើម្បីសុំទឹកភ្លៀង។ ពេលសូត្រចប់អ្នកភូមិស្រង់ទឹកដល់ព្រះសង្ឃ និងចាស់ទុំ រួមទាំងលេជះទឹកឧបកិច្ចថា មានភ្លៀងធ្លាក់មកគ្រប់គ្រាន់ ទិន្នផលស្រូវដំណាំទទួលបានគាប់ប្រសើរដូចការប៉ងប្រាថ្នាពិតប្រាកដមែន៕
ដោយ៖ ឃុត សៅ





