កិច្ចប្រជុំផ្សព្វផ្សាយថ្នាក់ភូមិស្តីពីការចុះរៀបចំដំណើរការកំណត់អត្តសញ្ញាណជនជាតិដើមភាគតិចសួយ
AKP កំពង់ស្ពឺ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥-- មន្ទីរអភិវឌ្ឍន៍ជនបទបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយថ្នាក់ភូមិ ស្តីពីការចុះរៀបចំដំណើរការកំណត់អត្តសញ្ញាណជនជាតិដើមភាគភាគតិចសួយ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្រោមការដឹកនាំប្រជុំដោយលោក ទូច ប៉ អនុប្រធាននាយកដ្ឋានក្រសួងអភិវឌ្ឍន៍ជនបទទទួលបន្ទុកជនជាតិភាគតិចនៅភូមិជំនាប់ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

លើកឡើងក្នុងកិច្ចប្រជុំនោះ លោក ទូច ប៉ បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា ដែលយើងទទួលបានកន្លងមក ទាក់ទងនឹងការអភិវឌ្ឍ ដូចជាការអភិរក្សរបស់បងប្អូនជនជាតិភាគតិចសួយនាពេលកន្លងមក។ មួយវិញទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនជនជាតិគាគតិចនៅកម្ពុជា ពិសេសនៅស្រុកឱរ៉ាល់មានភាពរីកចម្រើននិងកាន់តែប្រសើរឡើង ទាំងផ្នែកសេដ្ឋកិច្ចនិងសង្គមកិច្ច។ ទន្ទឹមនឹងនេះបងប្អូនជនជាតិដើមភាគតិចទទួលបានការការពារ និងលើកតម្កើងសិទ្ធសេរីភាព ក៏ដូចជាបន្តថែរក្សាទាំងវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និងភាសាផងដែរ។

ជាលទ្ធផល កិច្ចប្រជុំនេះបានផ្សព្វផ្សាយខ្លឹមសារឯកសារពាក់ព័ន្ធ ដូចជា៖ ១. គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឃនជនជាតិដើមភាគតិច ២. អនុក្រឹត្យលេខ ៨៣ ៣. ច្បាប់ភូមិបាល ឆ្នាំ២០០១ ៤. សារាចរណ៍លេខ ០៩៧៤ និង៥. ជំហានទាំង៥ នៃការកំណត់អត្តសញ្ញាណ ជនជាតិដើមភាគតិច៕


ដោយ លឹម សាន្ត





