ភ្ញៀវទេសចរបរទេសជាង៦០០នាក់ធ្វើទស្សនកិច្ចព្រះរាជាណាចក្រកម្ពុជាតាមច្រកកំពង់ផែសមុទ្រ
AKP ព្រះសីហនុ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥--មន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វារអន្តរជាតិ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ នាវាទេសចរណ៍បរទេស SEVEN SEAS VOYAGER បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង៦០០នាក់ ស្មើនឹង១៧សញ្ជាតិ បានចូលសំចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេលមួយថ្ងៃ តាមច្រកកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុ។

នាវាទេសចរណ៍បរទេស SEVEN SEAS VOYAGER មានសញ្ជាតិ BAHAMAS មានបណ្តោយ ២០៦.៥០ម៉ែត្រ ទទឹង២៨.៨០ម៉ែត្រ ជម្រៅទឹក៧.១០ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន៦០១នាក់ ស្រី៣២១នាក់ ស្មើនឹង១៧សញ្ជាតិ និងមាននាវិកសរុបចំនួន ៤៥៥នាក់ ស្រី៩៧នាក់ ស្មើនឹង៤៤សញ្ជាតិ។ នាវាទេសចរណ៍នេះបានធ្វើដំណើរចាកចេញពីប្រទេសវៀតណាម ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៦ និង២០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ និងមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង១៧ថ្ងៃដដែល ឆ្ពោះទៅកាន់កំពង់ផែប្រទេសថៃ។ សម្រាប់ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍ SEVEN SEAS VOYAGER ដែលមានសញ្ជាតិច្រើនជាងគេមានដូចជា USA ៤២២នាក់ ក្រៅពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត។ ភ្ញៀវទេសចរមកពីខេត្តសៀមរាបបន្តដំណើរចេញតាមនាវាមានចំនួន១៨នាក់ ស្រី៩នាក់ ស្មើនឹង១សញ្ជាតិ។

ក្នុងដំណើរកម្សាន្តនៅក្នុងខេត្តព្រះសីហនុ ភ្ញៀវទេសចរបានកម្សាន្តនៅភូមិនេសាទទំនប់រលក ទីប្រជុំជនផ្សារលើ តំបន់មាត់សមុទ្រ រូបសំណាកតោពីរ តំបន់ទេសចរណ៍វប្បធម៌មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ។ តំបន់អភិឌ្ឍន៍ Boy of light រូបសំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) សង្កាត់រាម វត្តបិតត្រាំង សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ ទន្ទឹមនឹងនេះ ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរក្នុងខេត្តព្រះសីហនុទទួលបានការសម្របសម្រួលពីកងកម្លាំងសមត្ថកិច្ចប្រកបដោយសុវត្ថិភាពនៅតាមតំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តព្រះសីហនុ៕



ដោយ ងូ សុមុនី





