ពិធីផ្សព្វផ្សាយស្តីពីទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ”
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥-- កាកបាទក្រហកម្ពុជាបានរៀបចំពិធីផ្សព្វផ្សាយស្តីពី ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ជូនដល់គណៈកម្មាធិការសាខា-អនុសាខា ក្រុមប្រត្តិសាខា មន្ទីរអង្គភាពជុំវិញខេត្ត ទីប្រឹក្សា-យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត សរុបចំនួន៩៦នាក់ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដែលដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានមានប្រសាសន៍ថា ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ធ្វើឡើងជារៀងរាល់ឆ្នាំ និងខួបលើកទី៧០ឆ្នាំរបស់កាកបាទក្រហមកម្ពុជា មានប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ នឹងអាកាសធាតុ»។ យុទ្ធនាការការប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា គឺជាការផ្សព្វផ្សាយដើម្បីលើកកម្ពស់ការយល់ដឹងអំពីចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម អំពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ហើយទន្ទឹមនឹងនោះ ក្នុងយុទ្ធនាការនេះជាឱកាសក្នុងការស្វែងរកមូលនិធិផងដែរ ហើយក៏ជាឱកាសដើម្បីរំលេចអំពីខួបលើកទី៧០ឆ្នាំរបស់កាកបាទក្រហមកម្ពុជា។ នៅក្នុងការផ្សព្វផ្សាយនេះបានបង្ហាញអំពីវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា នៅក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ នៅក្នុងការបំពេញបេសកកម្មមនុស្សធម៌នៅគ្រប់ស្ថានភាពនយោបាយ ក៏ដូចជាគ្រប់ស្ថានភាពគ្រោះមហន្តរាយផ្សេងៗ ជាពិសេសបានរំលេចពីសមទ្ធិផលរបស់កាកបាទក្រហមកម្ពុជា ចាប់តាំងពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឡើងជាប្រធានកាកបាទក្រហមកម្ពុជា ពីឆ្នាំ១៩៩៨មក ក៏ជាការគាប់ជួននៃការអនុវត្តគោលនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ស្ថាបនិកសន្តិភាពគឺសម្តេចតេជោ ហ៊ុន សែន។ កាលណាយើងនិយាយអំពីសមទ្ធិផល និងភាពជោគជ័យរបស់កាកបាទក្រហមកម្ពុជា គឺយើងត្រូវនឹកឃើញនូវគុណូបការៈនៃការចូលរួមរបស់សប្បុរសជនអំពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដោយសារចាប់តាំងពីឆ្នាំ១៩៩៩មក។

កាកបាទក្រហមកម្ពុជាតែងតែយកឱកាសនៃការប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនេះ គឺជាការរកមូលនិធិសម្រាប់ជាដើមទុនដើម្បីប្រតិបត្តិការមនុស្សធម៌ពីមួយឆ្នាំទៅមួយឆ្នាំ។ អ្វីដែលបង្កប់នៅក្នុងសមទ្ធិផលរបស់កាកបាទក្រហមកម្ពុជា គឺជាការចូលរួមជាថវិកា សម្ភារៈអំពីសប្បុរសជន គ្រប់មជ្ឈដ្ឋាន ដែលនៅក្នុងនោះ គឺទទួលបាននូវការគាំទ្រ ការលើកកម្ពស់ស្មារតីនៃការចូលរួមក្រោមវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ដែលកាលនៅជានាយករដ្ឋមន្ត្រី តែងតែប្រារព្ធមិទ្ទីងជារៀងរាល់ឆ្នាំ ហើយទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គឺជាឱកាសមួយដែលផ្សាភ្ជាប់នូវស្មារតី និងទឹកចិត្តរវាងសប្បុរសជន ជាមួយប្រជាពលរដ្ឋងាយរងគ្រោះបំផុត។ នៅក្នុងការផ្សព្វផ្សាយរបស់យើងតែងតែអរគុណចំពោះសប្បុរសជននៅគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងនៅទីស្នាក់ការកណ្តាល និងនៅតាមសាខាទាំង២៥រាជធានីខេត្ត តែងតែធ្វើការបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ហើយទន្ទឹមនឹងនេះ យើងធ្វើការអំពាវនាវបន្តទៅទៀត ហើយនៅក្នុងការអំពាវនាវនេះយើងក៏បានបង្ហាញអំពីអ្វីដែលយើងសម្រេចបានពីមួយឆ្នាំទៅមួយឆ្នាំ ដោយប្រើប្រាស់ថវិកាដែលបានមកពីសប្បុរសជន។ នៅក្នុងឱកាសនេះ យើងអំពាវជាបន្តទៅទៀតដើម្បីឱ្យសប្បុរសជនបរិច្ចាគទៅតាមសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្តជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីឱ្យកាកបាទក្រហមកម្ពុជា ទទួលបានមូលនិធិសម្រាប់ប្រតិបត្តិការមនុស្សធម៌ឱ្យសមស្របជាមួយប្រធានបទរបស់យើង ដើម្បីឆ្លុះបញ្ចាំងអំពីស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋ និងផលប៉ះពាល់អំពីការប្រែប្រួលអាកាសធាតុ។

ទន្ទឹមនឹងនេះ លោកជំទាវបានបន្ថែមថា «នៅពេលនេះកាកបាទក្រហមកម្ពុជាកំពុងមមាញឹក នៅក្នុងការផ្សព្វផ្សាយ ហើយអ្វីដែលយើងលើកកម្ពស់ គឺទី១. យើងមានការបណ្តុះបណ្តាលទៅដល់ក្លឹបយុវជនតាមគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ នៅថ្ងៃទី២៥ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។ ទី២. គឺការផ្សព្វផ្សាយនៅក្នុងខេត្តកំពង់ឆ្នាំង ប៉ុន្តែអ្វីដែលយើងផ្តល់ការណែនាំដល់សាខា២៥រាជធានីខេត្ត ហើយឱ្យសាខានីមួយៗបន្តធ្វើការផ្សព្វផ្សាយបន្តទៅដល់អនុសាខា ធ្វើយ៉ាងណាសកម្មភាពនេះ មិនត្រឹមតែក្នុងយុទ្ធនាការ ៨ឧសភា ដើម្បីរកមូលនិធិនោះទេ ប៉ុន្តែក៏ជាសកម្មភាពមួយនិងបន្តជាអចិន្ត្រៃយ៍រហូត ហើយនៅក្នុងនោះសម្រាប់សាខាទាំង២៥រាជធានីខេត្តគឺយើងមានគម្រោងនឹងធ្វើការបណ្តុះបណ្តាលខ្លឹមសារទាំងនេះទៅតាមប្រព័ន្ធអនឡាញផងដែរ ព្រោះថាការប្រារព្ធរបស់ទីស្នាក់ការកណ្តាល គឺប្រារព្ធធ្វើនៅទីស្នាក់ការកណ្តាល។ យើងអាចចែករំលែកនូវថវិកា ឬការឆ្លើយតបដល់សាខាណាដែលហួសសមត្ថភាពក្នុងការឆ្លើយតប ឬមានសំណើពីសាខាមក។ ទន្ទឹមនឹងនោះ សាខានីមួយៗបានខិតខំក្នុងការស្វែងរកមូលនិធិរបស់ខ្លួន។ សាខាត្រូវតែមានសារបានឬខ្លឹមសារ ដើម្បីផ្សព្វផ្សាយនៅក្នុងខេត្តរបស់ខ្លួន។ ជាមួយគ្នានេះបានឱ្យសាខាផលិតនូវវីដេអូសកម្មភាពបូកសរុបសមទ្ធិផលសកម្មភាពការងាររបស់ខ្លួនពេញមួយឆ្នាំ ដើម្បីផ្សព្វផ្សាយឱ្យមជ្ឈដ្ឋានសាធារណជននៅក្នុងខេត្តរបស់ខ្លួនបានជ្រួតជ្រាបអំពីថវិកាដែលទទួលបានពីមួយឆ្នាំទៅមួយឆ្នាំនេះពីសប្បុរសជននឹងយកទៅធ្វើសកម្មភាពអ្វីខ្លះ៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





