កម្មវិធី ពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការសិក្សា នៅអនុវិទ្យាល័យបរកែវ ស្រុកបរកែវ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥-- នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ក្រោមការគាំទ្ររបស់អង្គការ Plan International Cambodia នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានបន្ដរៀបចំព្រឹត្តិការណ៍ «ពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការសិក្សា» នៅអនុវិទ្យាល័យបរកែវ ស្រុកបរកែវ ខេត្តរតនគិរី ដោយមានការចូលរួមដាក់ស្ដង់បញ្ជរផ្សព្វផ្សាយពីសំណាក់ស្ថាប័នដៃគូចំនួន៣ស្ថាប័ន និងបញ្ជរស្ដង់ស្នាដៃសិស្សចំនួន ៤។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមវត្តមានរបស់លោក កង សារឿន អភិបាលស្រុកបរកែវ លោកស្រី ទួន បញ្ញាវត្តី តំណាងនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ តំណាងអាជ្ញាធរដែនដី គណៈគ្រប់គ្រងសាលារៀន តំណាងម្ចាស់បញ្ជរស្ដង់ពិព័រណ៍ និងមាតាបិតា អ្នកអាណាព្យាបាលសិស្សចំនួន២៤នាក់ (ស្រី០៩នាក់) លោកគ្រូអ្នកគ្រូចំនួន២៨នាក់ (ស្រី១២នាក់) ព្រមទាំងសិស្សានុសិស្សចូលរួមទស្សនាសិក្សារៀនសូត្រសរុប ៧២១នាក់ (ស្រី ៣៩៣នាក់)។

លោកស្រី ទួន បញ្ញាវត្តី ក្នុងនាមនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ បានមានប្រសាសន៍ថ្លែងអំណរគុណដល់អង្គការភ្លែនអន្ដរជាតិកម្ពុជា និងតំណាងស្ថាប័នរដ្ឋ ឯកជនទាំងអស់ ដែលបានសហការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើង។

ជាមួយគ្នានេះ លោកអភិបាលស្រុកក៏បានលើកឡើងអំពីសារៈសំខាន់ និងគោលបំណងនៃការរៀបចំពិព័រណ៍នេះ គឺជាព្រឹត្តិការណ៍អប់រំតម្រង់ទិសវិជ្ជាជីវៈ ដល់សិស្សានុសិស្សតាមរយៈការបង្កលក្ខណៈជួបគ្នាដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុន ស្ថាប័នរដ្ឋ និងឯកជន ដើម្បីផ្ដល់ឱកាសដល់សិស្ស បានសិក្សាស្វែងយល់អំពីតម្រូវការជំនាញ និងការត្រៀមលក្ខណៈសម្បត្តិផ្ទាល់ខ្លួនបានច្បាស់លាស់ មុននឹងសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សា និងការរៀបចំផែនការសិក្សា នាពេលខាងមុខ។ កម្មវិធីពិព័រណ៍នៅកម្រិតសាលារៀន ក៏ជាផ្នែកមួយនៃការអនុវត្តស្ដង់ដាសាលារៀនគំរូ ដែលក្រសួងអប់រំ បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់ ក្នុងការជំរុញការអនុវត្តនៅកម្រិតសាលារៀនផងដែរ។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អង្គការភ្លែនអន្ដរជាតិកម្ពុជាបានផ្ដល់ការគាំទ្រដល់នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការសិក្សា នៅតាមគ្រឹះស្ថានមធ្យមសិក្សាគោលដៅសរុបចំនួន១៨សាលារៀន ដែលស្ថិតក្នុងខេត្តសៀមរាប ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។ អនុវិទ្យាល័យបរកែវជាគោលដៅទី៤ ក្នុងខេត្តរតនគិរី ដែលត្រូវទទួលការគាំទ្រក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ក្នុងឆ្នាំសិក្សាថ្មីនេះ៕
ដោយ ណយ នឿន (ប្រភព៖ នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ)





