ក្រសួងកសិកម្ម និងអង្គការ FAO ត្រៀមរៀបចំដំណើរទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មាន១០ស្ថាប័ន ទៅកាន់ខេត្តពោធិ៍សាត់
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥-- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)បាន ត្រៀមរៀបចំដំណើរទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មាន ទៅកាន់ខេត្តពោធិ៍សាត់។

ក្នុងជំនួបពិភាក្សាការងាររវាងលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ ជាមួយតំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) កាលពីពេលថ្មីៗនេះ លោកជំទាវបានបញ្ជាក់ថា ក្នុងកិច្ចសហការរវាងក្រសួង ជាមួយអង្គការ (FAO) និងរដ្ឋបាលជលផលធ្វើឡើងដើម្បីរៀបចំដំណើរទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មានទៅកាន់ខេត្តពោធិ៍សាត់នាចុងខែមេសា ឆ្នាំ២០២៥នេះ ដើម្បីសម្រេចគោលដៅ ក្នុងបំណងពង្រីកការផ្សព្វផ្សាយព័ត៌មានពិត និងមានខ្លឹមសារគ្រប់ជ្រុងជ្រោយទៅកាន់សាធារណជន អំពីសមិទ្ធផលនៃការគ្រប់គ្រងធនធានជលផលទឹកសាបនៅកម្ពុជា។

លោកជំទាវ អ៊ឹម រចនា បានបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនេះ អ្នកសារព័ត៌មានចំនួន២០នាក់ មកពីស្ថាប័នសារព័ត៌មានគ្រប់ទម្រង់ចំនួន១០ស្ថាប័ន នឹងទៅទស្សនាតំបន់អភិរក្សព្រៃលិចទឹកសំខាន់ៗមួយចំនួន ក្នុងខេត្តពោធិ៍សាត់ ផ្តិតយករូបភាពជាក់ស្តែង ជួបសម្ភាសផ្ទាល់ប្រជាសហគមន៍ មន្ដ្រីជំនាញ និងអង្គភាពពាក់ព័ន្ធ យកទៅផ្សព្វផ្សាយបន្ត។

គួរបញ្ជាក់ថា ដំណើរការរៀបចំដំណើរទស្សនកិច្ចអ្នកសារព័ត៌មាននេះ គឺជាផ្នែកមួយនៃកម្មវិធី «ទិវាភពផែនដី» ក្រោមប្រធានបទ «ការគ្រប់គ្រងធនធានជលផលប្រកបដោយចីរភាព» ដែលនឹងធ្វើឡើងនៅថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ និងខេត្តពោធិ៍សាត់ នាថ្ងៃខាងមុខនេះ៕


ដោយ៖ ដេប៉ូ





