លោកជំទាវ ប៉ែន វិមល ធ្វើទស្សនកិច្ចនៅអង្គការក្រុមប្រឹក្សាស្ត្រីសិង្ហបុរី
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥-- លោកជំទាវ ប៉ែន វិមល ភរិយាឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានធ្វើទស្សនកិច្ចនៅអង្គការក្រុមប្រឹក្សាស្ត្រីសិង្ហបុរីនៃប្រទេសសិង្ហបុរី ដោយនៅក្នុងឱកាសនេះ លោកស្រី Lorraine Lim អនុប្រធានប្រតិបត្តិនៃអង្គការក្រុមប្រឹក្សាស្ត្រីសិង្ហបុរីបានលើកឡើងពីការងារក្នុងផ្នែកផ្សេងៗរបស់អង្គការ ដែលការងារទាំងនោះតំណាងឱ្យផលប្រយោជន៍របស់ស្ត្រីក្នុងប្រទេសសិង្ហបុរី និងដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមស្ត្រីផ្សេងៗគ្នា។

លោកស្រី Lorraine Lim ក៏បានបង្ហាញនូវគំនិតផ្តួចផ្តើម និងកម្មវិធីមួយចំនួនរបស់អង្គការ ដោយបានរំលេចនូវកម្មវិធី SHECARES ដែលផ្តល់ការគាំទ្រ និងកន្លែងសុវត្ថិភាពដល់ជនរងគ្រោះ ជាពិសេសកុមារី និងស្ត្រី ដែលបានជួបប្រទះការបំពានតាមប្រព័ន្ធអ៊ីនធឺនណិត ដូចជាការបៀតបៀន ការប្រើប្រាស់ភាសារំលោភបំពាន ការលួចមើលតាមអ៊ីនធឺណិត ឬការបោកប្រាស់ជាដើម។ ក្រៅពីនេះ អង្គការក៏មានកម្មវិធីផ្សេងៗដូចជា Star Shelter សម្រាប់ផ្តល់ទីជម្រកសុវត្ថិភាព ការគាំទ្រលើកកម្ពស់សុខភាពផ្លូវចិត្តដល់ស្រ្តី និងកុមារជាជនរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារ មជ្ឈមណ្ឌល Maintenance Support Central (MSC) សម្រាប់គាំទ្រ និងផ្តល់ជំនួយផ្នែកច្បាប់ដល់ស្ត្រី កម្មវិធី BoardAgender ផ្តោតលើការបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការមានសមតុល្យយេនឌ័រនៅក្នុងក្រុមប្រឹក្សាភិបាល និងជំនួញនៅសិង្ហបុរី និង Singapore Women's Hall of Fame (SWHF) ដើម្បីលើកតម្កើង និងអបអរសាទរដល់ស្ត្រីឆ្នើមដែលមានស្នាដៃសម្រាប់ប្រទេសជាតិ។

លើសពីនេះ អង្គការក្រុមប្រឹក្សាស្ត្រីសិង្ហបុរី ក៏បានចូលរួមជាតំណាងនៅក្នុងគណៈកម្មាធិការរដ្ឋាភិបាល និងអន្តរក្រសួងនានា ព្រមទាំងស្ថាប័នក្នុងតំបន់ និងអន្តរជាតិលើការរួមចំណែកលើកឡើងពីទស្សនៈក្នុងគ្រួសារស្ត្រី និងសមភាពយេនឌ័រ ក៏ដូចជាការតស៊ូមតិសម្រាប់ការផ្លាស់ប្តូរសិទ្ធិស្ត្រីនៅក្នុងប្រទេស។ ក្រុមប្រឹក្សាស្ត្រីសិង្ហបុរី ក៏ជាសមាជិកនៃសហព័ន្ធអង្គការស្ត្រីអាស៊ាន (ACWO) ដែលជាអង្គការមិនមែនរដ្ឋាភិបាលក្នុងតំបន់ដ៏ធំមួយ ដែលត្រូវបានបង្កើតឡើងដើម្បីប្រមូលផ្តុំអង្គការស្ម័គ្រចិត្តរបស់ស្ត្រីនៅក្នុងតំបន់អាស៊ាន សំដៅធ្វើការរួមគ្នាក្នុងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកសមាហរណកម្មពេញលេញរបស់ស្ត្រីក្នុងការអភិវឌ្ឍ ដែលក្នុងនោះ អង្គការនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ (CWPD) របស់ប្រទេសកម្ពុជាក៏ជាសមាជិកនៃអង្គការនេះផងដែរ។

នាឱកាសនោះ លោកជំទាវ ប៉ែន វិមល បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការក្រុមប្រឹក្សាស្ត្រីសិង្ហបុរី ដែលបានរៀបចំដំណើរទស្សនកិច្ចសិក្សាដ៏មានសារៈសំខាន់នេះឡើងប្រកបដោយការយកចិត្តទុកដាក់ និងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សារបស់លោកជំទាវនាពេលនេះពិតជាបានផ្តល់នូវចំណេះដឹង និងបទពិសោធន៍ថ្មីៗជាច្រើន ជាពិសេសការលើកកម្ពស់យេនឌ័រ ការគាំពារស្ត្រី និងកុមារ និងវិធានការទប់ស្កាត់ការបៀតបៀនតាមរយៈប្រព័ន្ធអនឡាញ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





