កងកម្លាំងនគរបាលរាជធានីភ្នំពេញនឹងបង្កើនការយកចិត្តទុកដាក់ការពារសន្ដិសុខ និងសុវត្ថិភាពទ្វេដងជាងបណ្ដាឆ្នាំកន្លងទៅ ក្នុងពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥-- ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាន់តែខិតជិតចូលមកដល់ហើយនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ថា កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីធានាឱ្យបានទាំងស្រុងនូវសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពរបៀបរៀបរយសាធារណៈទ្វេដង ជូនប្រជាពលរដ្ឋ ដើម្បីកម្សាន្ដសប្បាយក្នុងពិធីបុណ្យចូលឆ្នាំថ្មប្រពៃណីជាតិខ្មែរនេះ នៅរាជធានីភ្នំពេញ ដោយសារក្រោយបញ្ចប់ថ្ងៃចូលឆ្នាំថ្មី កម្ពុជានឹងទទួលគណៈប្រតិភូជាន់ខ្ពស់ប្រទេសមហាមិត្ដចិនផង។

ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា គោលដៅសំខាន់ដែលត្រូវផ្ដោតការយកចិត្តទុកដាក់ជាងគេនោះ គឺនៅតំបន់រមណីយដ្ឋានវត្តភ្នំ ដែលត្រូវរៀបចំព្រឹត្តិការណ៍សង្ក្រាន្ដឆ្នាំ២០២៥ និងតាមបណ្ដាគោលដៅវត្តអារាម នៅក្នុងមូលដ្ឋានខណ្ឌទាំង១៤ ដែលរៀបចំសង្ក្រាន្ដ ព្រមទាំងភូមិឋានរស់នៅរបស់ប្រជាពលរដ្ឋ។ ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញនឹងប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដោយអនុវត្តទៅតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ។ ក្រៅពីការការពារសុវត្ថិភាព នៅទីតាំងសប្បាយភាពនានា កម្លាំងសមត្ថកិច្ចក៏ផ្ដោតការយកចិត្តទុកដាក់ផងដែរ លើការងារសណ្ដាប់ធ្នាប់ និងចរាចរណ៍ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍នៅតាមតំបន់ប្រមូលផ្ដុំ នៅរាជធានីភ្នំពេញ។

ទន្ទឹមនឹងនេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ក្នុងការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥នេះ កម្លាំងនគរបាលរាជធានីភ្នំពេញ នឹងបង្កើនការយកចិត្តទុកដាក់ទ្វេរដងជាងបណ្ដាឆ្នាំកន្លងទៅ ដើម្បីធានាឱ្យបានទាំងស្រុងក្នុងពិធីបុណ្យនេះ និងបង្កបរិយាកាសឱ្យប្រជាពលរដ្ឋសប្បាយរីករាយ ប្រកបដោយភាពកក់ក្ដៅ ក្រោមម្លប់សន្ដិភាព៕

ដោយ សួស សំរិត





