អភិបាលខេត្តបន្ទាយមានជ័យ ដាក់ចេញវិធានការក្តៅ បង្កើនការរឹតបន្តឹងសន្តិសុខតាមទីតាំងស្នាក់នៅ និងបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យាឱ្យដល់ឫសគល់
AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦--ក្នុងស្មារតីបុរេសកម្មដើម្បីធានាសុវត្ថិភាពសង្គម និងការការពារប្រជាពលរដ្ឋពីការគំរាមកំហែងនៃឧក្រិដ្ឋកម្មឌីជីថល រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកយុទ្ធនាការផ្សព្វផ្សាយច្បាប់ និងអនុក្រឹត្យថ្មីរបស់រាជរដ្ឋាភិបាល ដោយសង្កត់ធ្ងន់លើការត្រួតពិនិត្យទីតាំងរស់នៅប្រមូលផ្តុំ និងការលុបបំបាត់រាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ "ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា" និង "អនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រង សន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ"។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងម្ចាស់អាជីវកម្មសណ្ឋាគារ-ផ្ទះសំណាក់ទូទាំងខេត្ត។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយច្បាប់ និងអនុក្រឹត្យថ្មីនេះ គឺជាឧបករណ៍គតិយុត្តដ៏សំខាន់ក្នុងការឆ្លើយតបទៅនឹងស្ថានភាពវិវត្តន៍នៃបទល្មើសនាពេលបច្ចុប្បន្ននេះ។ ឯកឧត្តមបានបញ្ជាក់ពីគោលជំហរយ៉ាងច្បាស់ថា រដ្ឋបាលខេត្តមិនបណ្តែតបណ្តោយឱ្យមានទីតាំងសង្ស័យណាមួយ ក្លាយជាជម្រកនៃបទល្មើសឆបោកឡើយ។ យើងត្រូវរួមគ្នាអនុវត្តផែនការសកម្មភាពដែលបានដាក់ចេញ ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីរក្សាសេចក្តីសុខជូនប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់សង្គម។

ឯកឧត្តម អភិបាលខេត្ត ក៏បានលើកឡើងនូវចំណុចសំខាន់ៗដែលអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ការរឹតបន្តឹងការគ្រប់គ្រងទីតាំងស្នាក់នៅ ជំរុញឱ្យសមត្ថកិច្ចចុះពិនិត្យ និងតាមដានទីតាំងដែលមានជនបរទេសរស់នៅប្រមូលផ្តុំ ដើម្បីបង្ការការលួចលាក់ប្រព្រឹត្តបទល្មើស។
កិច្ចសហការអន្តរវិស័យ ការពង្រឹងកិច្ចសហការរវាងអាជ្ញាធរដែនដី កងកម្លាំង និងស្ថាប័នអយ្យការ ដើម្បីធានានីតិវិធីច្បាប់ក្នុងការបង្ក្រាបមានភាពច្បាស់លាស់ និងទាន់ពេល។ការបង្ក្រាបដោយគ្មានការលើកលែង បន្តប្រតិបត្តិការស្វែងរក និងបង្ក្រាបរាល់សកម្មភាពឆបោកតាមប្រព័ន្ធ Online ដែលបង្កភាពវឹកវរដល់សន្តិសុខសេដ្ឋកិច្ច និងសង្គម។
តាមរយៈការអនុវត្តតាមបញ្ជាផ្ទាល់របស់ប្រមុខរាជរដ្ឋាភិបាល ឯកឧត្តម អ៊ុំ រាត្រី បានបង្ហើបថា កន្លងមករដ្ឋបាលខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្រសង្ស័យ។
ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ទាំងអស់ ត្រូវចូលរួមសហការផ្តល់ព័ត៌មាន និងគោរពតាមអនុក្រឹត្យលេខ០៣ ឱ្យបានខ្ជាប់ខ្ជួនបំផុត ចៀសវាងការពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ ដែលនាំឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕
ដោយ ឈុន សារ៉ាត





