រដ្ឋបាលខេត្តកណ្ដាលរៀបចំពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការក្នុងឱកាសអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
AKP កណ្ដាល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តកណ្ដាលបានរៀបចំពិធីសូត្រមន្តចម្រើនសិរីសួស្ដី និងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ក្នុងឱកាសអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្តកណ្ដាល មន្ត្រីរាជការ នៃរដ្ឋបាលក្រុងតាខ្មៅ និវត្តន៍ជន មន្ត្រីរាជការ នៃសាខាកាកបាទក្រហមកម្ពុជាខេត្ត ប្រមាណ៦០៤នាក់។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ការជួបជុំនេះគឺជាប្រពៃណីទំនៀមទម្លាប់ ដែលថ្នាក់ដឹកនាំខេត្តតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ គឺក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីជួបសំណេះសំណាល និងឧបត្ថម្ភនូវថវិកាមួយចំនួន ជូនបងប្អូនមន្ត្រីរាជការ ដើម្បីយកទៅប្រើប្រាស់ទៅតាមសេចក្តីត្រូវការជាក់ស្តែង។ ឯកឧត្តមក៏បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីរាជការទាំងអស់ ជាពិសេសមន្ត្រីគ្រប់ថ្នាក់នៃរដ្ឋបាលខេត្តកណ្ដាល សូមខិតខំបំពេញការងារ និងម្ចាស់ការទទួលខុសត្រូវលើកិច្ចការដែលថ្នាក់ដឹកនាំបានប្រគល់ជូនឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ត្រូវបន្តខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងឆាប់រហ័សថែមទៀត។ ជាងនេះទៅទៀត មន្ត្រីទាំងអស់ត្រូវខិតខំធ្វើការអភិវឌ្ឍសមត្ថភាពបំពេញការងាររបស់ខ្លួនម្នាក់ៗ ឱ្យស្របតាមសម័យបច្ចេកវិទ្យា ទាន់សម័យនាពេលបច្ចុប្បន្ន។

ឯកឧត្តមអភិបាលខេត្តក៏បានផ្ដាំផ្ញើ និងក្រើនរំលឹកទៅដល់បណ្តាទីចាត់ការនីមួយៗនៃរដ្ឋបាលខេត្ត ត្រូវប្រជុំត្រួតពិនិត្យមន្ត្រីរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីពង្រឹងសមត្ថភាព និងការទទួលខុសត្រូវក្នុងការងារ របស់មន្ត្រីតាមបណ្ដាទីចាត់ការរៀងៗខ្លួនឱ្យបានល្អប្រសើរ កាត់បន្ថយ និងលុបបំបាត់មន្ត្រីដែលនៅមានកម្រិត ចំពោះមន្ត្រីដែលនៅមានកម្រិត ត្រូវគិតគូររៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព ទៅតាមតួនាទីភារកិច្ចជាក់ស្តែង ដើម្បីជំរុញឱ្យពួកគាត់អាចបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានកាន់តែច្បាស់លាស់ មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ក្លាយជាមន្ត្រីដែលមានសក្ដានុពល ម្ចាស់ការអាចបំពេញភារកិច្ចរបស់ខ្លួនបានកាន់ល្អប្រសើរឆ្លើយតបបានតែនៅតម្រូវការជាក់ស្ដែងរបស់រដ្ឋបាលខេត្ត ក៏ដូចជាប្រជាពលរដ្ឋផងដែរ៕


ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





