ខេត្តកំពង់ស្ពឺរៀបចំពិធីប្រណាំងរទេះសាឡី គោលឿនឆ្នាំ២០២៥
AKP កំពង់ស្ពឺថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥--រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំពិធីប្រណាំងរទេះសាឡី គោលឿន ក្រោមអធិបតីភាពឯកឧត្តម សុន ជា សមាជិក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ យុវជនកម្ពុជា(ស.ស.យ.ក) និងក្រុមកីឡាករប្រណាំងរទេះសាឡី គោលឿន ជាច្រើនទៀត ពិធីនេះដែរប្រារព្ធនៅភូមិស្នោទី២ សង្កាត់រការធំ ក្រុងច្បារមនខេត្តកំពង់ស្ពឺនាថ្ងៃទី៧ខែមេសាឆ្នាំ២០២៥។

លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺបានឱ្យដឹងថា ពិធីនេះ ប្រារព្វធ្វើឡើងក្នុងគោលបំណង ចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍនិងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយនូវប្រពៃណីប្រណាំងរទេះសាលី គោលឿន ដែលបុព្វបុរសខ្មែរបានបន្សល់ទុក ជាយូរណាស់មកហើយ។លោក ស៊ុន មានជ័យបានមានប្រសាសន៍បន្តថា ខេត្តកំពង់ស្ពឺតែងតែប្រារព្ធពិធីប្រណាំងរទេះគោនេះជារៀងរាល់ឆ្នាំ ដោយមានអ្នកចិញ្ចឹម និងស្រឡាញ់គោមកពីបណ្តាខេត្តផ្សេងៗចូលរួម។ ព្រឹត្តិការណ៍នៃការរៀបចំពិធីប្រណាំងរទេះសាឡី គោលឿនតែងតែផ្តល់នូវស្នាមញញឹមដល់បងប្អូនប្រជាពលរដ្ឋទូទៅបានកម្សាន្តសប្បាយ ពិសេសគឺដើម្បីបង្ហាញពីប្រពៃណីទំនៀមទំលាប់ខ្មែរដែលមានតាំងពីដូនតារៀងមក។ហើយសម្រាប់ឆ្នាំនេះគឺមានរទេះគោមកពីតាមបណ្តាខេត្តសរុបចំនួន៦៧នឹម បានចូលរួមប្រកួត ក្នុងនោះមានគោធំចំនួន៤៤នឹម គោតូចចំនួន២៣នឹម។

ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍ក្នុងឱកាសនោះថា÷ បើតាមការសិក្សាអំពី ប្រវត្តិនៃពិធីនេះគឺដើមឡើយរទេះសាលីគោប្រើប្រាស់សម្រាប់តែដឹកជញ្ជូនបណ្ណាការក្នុងពិធីអាពាហ៍ពិពាហ៍និងដឹកជញ្ជូនលោកតា លោកយាយក្នុងពិពីបុណ្យប្រពៃណីផ្សេងៗប៉ុណ្ណោះ លុះក្រោយៗមកទៀត អ្នកភូមិក៍បានផ្តួចផ្តើមគំនិត បង្កើតពិធីប្រណាំងរទេះសាឡីគោនេះនៅតាមភូមិ តាមសហគមន៍ រហូតនៅតាមទីប្រជុំជន ដើម្បីអបអរមុន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងឈានចូលមកដល់។ឯកឧត្តម បណ្ឌិតជាម ច័ន្ទសោភ័ណក៏បានលើកទឹកចិត្តដល់គណកម្មការប្រណាំងឱ្យបង្កើននឹមគោឱ្យបានច្រើនរហូតដល់រយនឹម និងធំជាងបណ្តាឆ្នាំមុនៗ នៅឆ្នាំបន្ទាប់ដើម្បីទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងយុវជនជំនាន់ក្រោយ។ ហើយក៏រំពឹងថា នៅឆ្នាំក្រោយៗទៀតនោះ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរាជធានី ខេត្តផងដែរ ទន្ទឹមនោះដែរ ឯកឧត្តមក៏បានក្រើនរំលឹកដល់ម្ចាស់គោ ឱ្យបង្កើតសិល្បៈប្លែកៗលើគោឬរទេះ ដើម្បីបង្កើនភាពទាក់ទាញឱ្យកាន់តែខ្លាំង ហើយពេលដែលរកឃើញថា រទេះឬគោក្នុងនឹមមួយណាទទួលបានការចាប់អារម្មណ៍ខ្លាំង និងទទួលបានការឧបត្ថម្ភបន្ថែមពីគណកម្មការរៀបចំការប្រណាំងផងដែរ។

សូមបញ្ជាក់ថា៖ ការប្រណាំងគោរទេះសាឡីគោធំលេខ១ ទទួលបានរង្វាន់២,០០០.០០០រៀល លេខ២ ១,៥០០,០០០រៀល និងលេខ៣ ១,០០០,០០០រៀល សម្រាប់លេខ១ រទេះសាឡីគោតូច ទទួលបានរង្វាន់១.៨០០.០០០៛ លេខ២ ១,៣០០,០០០រៀល និងលេខ៣ ៨០០,០០០រៀល ចំពោះរទេះគោសាឡីគោធំនិងគោតូចដែលមិនបានទទួលជ័យលភី រទេះគោសាឡីគោធំក្នុង1នឹមទទួលបានថវិកាចំនួន ៣៥០,០០០រៀល និងគោតូច1នឹមទទួលបានថវិកាចំនួន ៣០០,០០០រៀលផងដែរ៕



ដោយ៖ លឹម សាន្ត





