ឧត្តមសេនីយ៍ទោ ហេង មករា ជូនពរអនុព័ន្ធយោធាថៃប្រចាំព្រះរាជាណាចក្រកម្ពុជា នាឱកាសចូលឆ្នាំថ្មីប្រពៃណីជនជាតិថៃ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ -- ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង មករា មេបញ្ជាការរងកងទ័ពជើងគោក បានដឹកនាំប្រតិភូបញ្ជាការដ្ឋានកងទ័ពជើងគោក ជូនពរឆ្នាំថ្មីប្រពៃណីជនជាតិថៃដល់ស្ថានអនុព័ន្ធយោធាថៃប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។

នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ហេង មករា បានចូលរួមការសោកស្តាយដែលប្រទេសថៃ បានជួបគ្រោះរញ្ជួយដី រលំអគារ ដែលបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសជាច្រើន ហើយក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងសូមជូនពរឱ្យអ្នករបួសឆាប់ជាសះស្បើយ។ ជំនួសមុខឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ទោ ហេង មករា បានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ ចូលរួមអំណរសាទរយ៉ាងក្លៀវក្លា និងសូមឆ្នាំថ្មីប្រពៃណីជនជាតិថៃ នាំមកនូវសិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនចំពោះ លោកវរសេនីយ៍ឯក កនវរ៉ានន្ទ ក្លាន់ព្រំសុវណ្ណ អនុព័ន្ធយោធាថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ព្រមទាំងសហការី ទូទាំងស្ថានអនុព័ន្ធយោធាថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រជាជនថៃ ទាំងអស់ដែលជាមិត្តជាប់ភូមិផងរបងជាមួយគ្នា នាំមកនូវសេចក្តីសុខ សេចក្តីចំរើនរុងរឿង និងជោគជ័យគ្រប់ភារកិច្ចថ្មីៗបន្ថែមទៀត ។ សូមជូនពរឱ្យចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ព និងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជា-ថៃ បានគង់វង្ស ស្ថិតស្ថេររឹងមាំ ជាអមតៈ ។

ជាការឆ្លើយតប លោក វរសេនីយ៍ឯក កនវរ៉ានន្ទ ក្លាន់ព្រំសុវណ្ណ បានសម្តែងនូវការស្វាគមន៍ និងបានចាត់ទុកការជួបសំណេះសំណាលរបស់ ឯកឧត្តម ឧត្តមសេនីយ៍ហេង មករា នាពេលនេះពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចសហប្រតិបត្តិល្អរវាបញ្ជាការដ្ឋានកងទ័ពជើងគោក និងកងទ័ពភូមិន្ទថៃ និងថ្លែងអំណរគុណផងដែរដល់បញ្ជាការដ្ឋានកងទ័ពជើងគោកតែងតែជួយសម្របសម្រួលរាល់ការងារដល់ស្ថានអនុព័ន្ធយោធាថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានរលូន ។
លោក វរសេនីយ៍ឯក កនវរ៉ានន្ទ ក្លាន់ព្រំសុវណ្ណ បានជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមទទួលបាននូវសុខភាពល្អពេញបរិបូរណ៍ អាយុយ៉ឺនយូរ និងសម្រេចជោគជ័យលើគ្រប់ភារកិច្ច៕
ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





