អភិបាលស្រុកស្ទោងដាក់បទបញ្ជាដល់កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធឱ្យគ្រប់គ្រង ទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងជនបរទេសស្នាក់នៅប្រកបអាជីវកម្មខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន
AKP កុំពង់ធំ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦--លោកសាយ គឹមឡមអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោងបានបញ្ជាដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រូវគ្រប់គ្រង ទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(scam online)និងជនបរទេសដែលស្នាក់នៅ និងប្រកបអាជីវកម្មខុសច្បាប់នៅក្នុងមូលដ្ឋានស្រុកស្ទោងឱ្យខានតែបានក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោងប្រចាំខែមេសា នាព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៦ នៅអគាររដ្ឋបាលស្រុកស្ទោង។ 
លោកសាយ គឹមឡមបានសង្កត់ធ្ងន់ថា ដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពជូនពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានប្រសើរឡើង អាជ្ញាធរពាក់ព័ន្ធត្រូវធ្វើការត្រួតពិនិត្យនូវអាវុធជាតិផ្ទុះគ្រប់ប្រភេទ ក្មេងទំនើង ជាពិសេសគឺការគ្រប់គ្រងនិងប្រើប្រាស់ បែបអាណាធិបតេយ្យឬពុំមានច្បាប់អនុញ្ញាតប្រើប្រាស់ពីអាជ្ញាធរពាក់ព័ន្ធមានសមត្ថកិច្ចពីសំណាក់ជនបរទេសដែលកំពុងមានវត្តមាននៅក្នុងមូលដ្ឋានរបស់យើង។លោកបន្ថែមថា គ្រឿងញៀន គឺជាបញ្ហាក្តៅគគុក និងស្រួចស្រាវមួយ ដែលតែងតែប្រើប្រាស់ដោយក្មេងទំនើង និងឈានទៅប្រើប្រាស់អំពើអាណាធិបតេយ្យ អំពើអាណាចារ និងបង្ករអសន្តិសុខ សព្វបែបយ៉ាងដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋស្លូតត្រង់ថែមទៀត ។

ទន្ទឹមនឹងនេះលោកសាយ គឹមឡមបានដាក់បញ្ជាថែមទៀតដល់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធត្រូវពង្រឹងគុណភាពប្រសិទ្ធភាពការងារក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិព្រៃឈើ ជលផលក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យខាងតែបាន សំដៅធានាបាននូវធនធានធម្មជាតិឱ្យបានគង់វង្សជាកេរ្តិ៍ដំណែលសម្រាប់កូនចៅជំនាន់ក្រោយ និងបានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានភូមិ/ឃុំ ការិយាល័យជំនាញពាក់ព័ន្ធ ត្រូវពង្រឹងគុណភាពប្រសិទ្ធភាពការងារ ជាពិសេសការផ្ដល់សេវាការ និងធ្វើរបាយការណ៍ប្រចាំថ្ងៃ ការថែរក្សាសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថានសាធារណៈតាមដងផ្លូវជាពិសេសត្រូវគ្រប់គ្រងថែរក្សាទ្រព្យសម្បត្តិសាធារណៈ ដូចជាសូឡាដែលបានបំពាក់ជូននៅតាមដងផ្លូវឱ្យបានល្អប្រសើរថែមទៀត៕

ដោយ ស៊ុម វណ្ណា





