កិច្ចប្រជុំបូកសរុបបេសកកម្មនៃគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស SE4HC
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ -- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំបូកសរុបបេសកកម្មនៃគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស SE4HC នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោកស្រី Karin Schelzig នាយិកាផ្នែកអភិវឌ្ឍន៍សង្គមមនុស្សនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយបានពិនិត្យពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តគម្រោង ដូចជា គម្រោងមជ្ឈ មណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្ពុជា គម្រោង STEM Framework កម្រិតសាលារៀន គម្រោង Framework សម្រាប់ស្តង់ដាសេវាកម្មអប្បបរមា និងក្របខ័ណ្ឌចំណាយរយៈពេលមធ្យមជាដើម។

ក្នុងកិច្ចប្រជុំនេះ លោកស្រី Karin Schelzig បានវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់កិច្ចសហការប្រកបដោយការយកចិត្តទុកដាក់ និងបានលើកឡើងពីទិដ្ឋភាពទូទៅនៃការអនុវត្តគម្រោងសម្រាប់ឆ្នាំ២០២៤-២០៣០ ដែលផ្តោតលើការបង្កើតផលជះចំពោះការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងសីលធម៌ល្អ គាំទ្រដល់ការអភិវឌ្ឍសង្គមផ្អែកលើចំណេះដឹង (CAMSEB 2030) ដោយរំពឹងថានឹងបង្កើតលទ្ធផល ដូចជា ការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងការរួមបញ្ចូលយេនឌ័រទៅក្នុងប្រព័ន្ធអប់រំមធ្យមសិក្សាទុតិយភូមិ តាមរយៈការពង្រីកការទទួលបានការអប់រំប្រកបដោយគុណភាពនៅកម្រិតមធ្យម ការធ្វើឱ្យប្រសើរឡើងនូវការតម្រឹមការអប់រំមធ្យមសិក្សាជាមួយនឹងជំនាញសតវត្សរ៍ទី២១ ប្រព័ន្ធវាយតម្លៃគុណភាពនៃការសិក្សានៅមធ្យមសិក្សាទុតិយភូមិមានភាពប្រសើរឡើង គន្លងនៃការអប់រំក្រោយមធ្យមសិក្សាត្រូវបានពង្រឹង និងគម្រោងលើកកម្ពស់លទ្ធផលនៃការអប់រំមធ្យមសិក្សាសម្រាប់ការអនុម័តក្នុងឆ្នាំ២០២៧។ល។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានយកចិត្តទុកដាក់អនុវត្តគម្រោង ជំរុញឱ្យកិច្ចសហប្រតិបត្តិការនេះដំណើរការទៅបានដោយរលូនពីមួយជំហានទៅមួយជំហាន។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលតែងតែផ្តល់ការគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ជាពិសេសចំពោះការចុះទៅពិនិត្យដោយផ្ទាល់នៅតាមសាលារៀនគោលដៅជាមួយក្រុមការងារក្រោមឱវាទក្រសួង ដើម្បីសិក្សាពីស្ថានភាព និងតម្រូវការជាក់ស្តែង ធានាបាននូវប្រសិទ្ធភាព និងវឌ្ឍនភាពនៃការអនុវត្តគម្រោងឆ្លើយតបទៅនឹងគោលដៅរួម សំដៅលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមិនត្រឹមតែជួយរៀបចំសិស្សឱ្យត្រៀមខ្លួនរួចរាល់សម្រាប់ទីផ្សារការងារប៉ុណ្ណោះទេ តែថែមទាំងផ្តល់នូវជំនាញសតវត្សរ៍ទី២១ ដែលចាំបាច់មិនអាចខ្វះបានសម្រាប់ការប្រកួតប្រជែងក្នុងទីផ្សារការងារបច្ចុប្បន្ន និងអនាគត៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





