សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់នៅវត្តក្រពើហា ដើម្បីជួយសម្រាលការលំបាកដល់ព្រះសង្ឃជាង៣០០អង្គ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ -- នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការី នាថ្ងៃចន្ទ ទី០៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញវេរប្រគេនទេយ្យទានប្រចាំឆ្នាំ ចំពោះព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈកិត្តិយស ព្រះលេខាធិការគណខេត្តកណ្តាល នាយកពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី (ហៅក្រពើហា) ដែលស្ថិតនៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីជួយសម្រាលការលំបាកដល់ព្រះសង្ឃជាង៣០០អង្គ ដែលកំពុងបំពេញវិជ្ជានៅពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា។

លោកជំទាវបណ្ឌិតបាននាំនូវប្រសាសន៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីសុខុមាលភាពចំពោះព្រះសង្ឃគ្រប់ៗអង្គ។ ជាមួយគ្នានេះ លោកជំទាវកិត្តិបណ្ឌិត បានមានប្រសាសន៍ថា «វត្តក្រពើហា មិនត្រឹមតែជាទីគោរពសក្ការៈសម្រាប់ពុទ្ធបរិស័ទគ្រប់ទិសទីប៉ុណ្ណោះទេ ថែមទាំងជាថ្នាលបណ្តុះបណ្តាលពុទ្ធិដល់សាមណសង្ឃទាំងអស់ ឱ្យយល់ដឹង និងផ្សព្វផ្សាយពីតម្លៃនៃសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិផង»។

ក្នុងឱកាសនោះដែរ ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ បានថ្លែងនូវថេរដីការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសុខុមាលភាពគង្គនៅរបស់ព្រះសង្ឃ និងតែងតែលើកទឹកចិត្ត ចូលរួមចំណែក លើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន ហើយជាពិសេសតែងតែជួយសម្រាលការលំបាកដល់ព្រះសង្ឃដែលគង់នៅក្នុងវត្ត ក៏ដូចជាព្រះសង្ឃកំពុងបំពេញវិជ្ជានៅពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហានេះ។

សូមបញ្ជាក់ទេយ្យទានប្រគេនដល់វត្តប្រជុំនទី (ហៅវត្តក្រពើហា) រួមមាន៖ អង្ករ៥តោន មី៥០កេស ត្រីខ៥កេស ស្ករស២៥គីឡូក្រាម ភេសជ្ជៈ២០កេស ទឹកបរិសុទ្ធ១០កេស មៀនកំប៉ុង២កេស ទឹកដោះគោខាប់២កេស អូវ៉ាន់ទីន២កេស តែ២គីឡូក្រាម ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ ត្រីងៀត១០គីឡូក្រាម សាច់ក្រក១០គីឡូក្រាម និងបច្ច័យចំនួន៤០លានរៀល៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





