ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់មាតុប្រទេសវិញ ប្រកបដោយព្រះរាជសុវត្ថិភាព
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ --បន្ទាប់ពីបានគង់ប្រថាប់មួយរយៈដើម្បីពិនិត្យព្រះរាជសុខភាព នៅឯទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិននោះ នារសៀលថ្ងៃទី០ ៧ ខែមេសា ឆ្នាំ២០២៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឬទ័យ ស្ដេចយាងនិវត្តន៍ មកដល់មាតុប្រទេសវិញ ប្រកបដោយព្រះរាជសុវត្ថិភាព តាមព្រះទីនាំងយន្តហោះពិសេស។

យាងនិងអញ្ជើញថ្វាយព្រះរាជដំណើរយងមកដល់របស់ព្រះអង្គទាំងទ្វេនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញា មានវត្តមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានកិត្តយសនៃឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង សម្ដេច ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងមន្ត្រីអ្នកមុខអ្នការជាច្រើនរូបទៀត។ ដោយឡែកមន្ត្រីស្ថានទូតចិនប្រចាំកម្ពុជា ក៏មានវត្តមានក្នុងឱកាសនោះផងដែរ។

គួរបញ្ជាក់ដែរថា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឬទ័យ ស្ដេចយាងទៅកាន់រដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥៕
ដោយ៖ ជឹម ណារី





