ឯកឧត្តម ហេង សុខឃន ៖ អត្តពលិកឃីកបុកស៊ីងកម្ពុជាចេញទៅប្រកួត ជើងឯកពិភពលោក នៅថៃ ជាឱកាសពង្រឹងសមត្ថភាព ត្រៀមស៊ីហ្គេម
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥--
កីឡាករ-កីឡាការិនីប្រដាល់ឃីកបុកស៊ីងកម្ពុជា ១៣រូបបានចេញទៅចូលរួមប្រកួតជើងឯកពិភពលោក ឆ្នាំ២០២៥ នៅប្រទេសថៃ នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា ដែលឯកឧត្តមចាត់ទុកថា នេះជាឱកាសដ៏ល្អ ដើម្បីវាស់ស្ទង់ និងពង្រឹងសមត្ថភាពអត្តពលិកកម្ពុជា ត្រៀមស៊ីហ្គេម លើកទី៣៣ នៅថៃ នាខែធ្នូ ឆ្នាំ២០២៥។

ក្នុងឱកាសដឹកនាំអត្តពលិកប្រដាល់ឃីកបុកស៊ីងកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ហេង សុខឃន បានគូសបញ្ជាកថា បានចាត់ទុកការប្រកួតនេះ គឺជាឱកាសដ៏ល្អមួយ ដើម្បីវាស់ស្ទង់ និងពង្រឹងសមត្ថភាពអត្តពលិកកម្ពុជា ត្រៀមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅថៃ នាចុងឆ្នាំ២០២៥នេះជាមួយនឹងក្តីសង្ឃឹមថា កីឡាករ-កីឡាការិនីកម្ពុជាទាំងអស់នឹងធ្វើបានល្អក្នុងការប្រកួតដ៏ធំនេះផងដែរ។
ឯកឧត្តម ហេង សុខឃន បន្ថែមថា ៖«ក្រុមហ៊ុនខ្មែរប៊ែវើរីជីសបានឧបត្ថម្ភទាំងស្រុងដល់ដំណើរការចេញទៅប្រកួតរបស់ប្រតិភូកីឡាឃីកបុកស៊ីងកម្ពុជា ក្នុងការប្រកួតកីឡាឃីកបុកស៊ីជើងឯកពិភពលោក ឆ្នាំ២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ។ នេះជាព្រឹត្តិការណ៍អន្តរជាតិថ្មីមួយទៀត ដែលអត្តពលិកម្ពុជាចូលរួមប្រកួតប្រជែងដកស្រង់បទពិសោធ ផ្លាស់ប្តូរបច្ចេកទេសពីគ្នាទៅវិញទៅមក ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ»។

ប្រធានសហព័ន្ធលើកឡើងទៀតថា នេះជាការបង្កើនគុណភាពច្ចេកទេស ដើម្បីវាស់ស្ទង់សមត្ថភាពរបស់កីឡាករថាតើ អត្តពលិកកម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀតបានក្នុងកម្រិតណា។ អត្តពលិកកម្ពុជានឹងប្រកួតលើ៣ប្រភេទ គឺវិញ្ញាសា K1, Low Kick និងវិញ្ញាសា Full Contac ដែលនេះជាវិញ្ញាសាមួយ ដែលកម្ពុជាអាចដណ្តើមមេដាយបាន ក្នុងកម្រិតជើងឯកពិភពលោកនេះ។ ឯកឧត្តម ហេង សុខឃន ក៏បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបានអនុញ្ញាត និងគាំទ្រដល់សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ក្នុងការបញ្ជូនប្រតិភូអត្តពលិករបស់ខ្លួនបានចូលរួមប្រកួត នៅទីក្រុងបាងកក លើកនេះ។

សង្កត់ធ្ងន់បន្ថែមពីលើនេះ ឯកឧត្តម ហេង សុខឃន សង្កត់ធ្ងន់ថា នេះជាការចូលរួមប្រកួតរបស់អត្តពលិកកម្ពុជាជាលើកទី១ ក្នុងការប្រកួតកីឡាប្រដាល់ឃីកបុកស៊ីងជើងឯកពិភពលោក ឆ្នាំ២០២៥ នៅប្រទេសថៃ ដោយមាន៥២ប្រទេសចូលរួម និងមានកីឡាករចុះឈ្មោះជាង ១០០០នាក់ ខណៈកម្ពុជាបានសម្រិតសម្រាំងកីឡាករ ដែលមានសក្តានុពល ក្នុងការស្វែងរកមេដាយជូនជាតិ។ ជាមួយគ្នានេះ ប្រធានសហព័ន្ធរូបនេះក៏បានបង្ហាញក្តីបារម្ភដែរ ចំពោះគុណភាពកីឡាកររបស់ប្រទេសខ្លាំងៗមួយចំនួន ដែលធ្លាប់ចូលរួមប្រកួតប្រជែងមេដាយ ក្នុងជើងឯកអាស៊ី នៅកម្ពុជា កន្លងទៅ ដូចជាប្រទេសកាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន។
យ៉ាងណា ឯកឧត្តម ហេង សុខឃន ក៏បានគូសបញ្ជាក់បន្ថែមទៀតទៀតថា សមាសភាពកីឡាករកម្ពុជាចូលរួមប្រកួតជើងឯកពិភពលោក នាពេលនេះ សុទ្ធសឹងជាបេក្ខភាពកីឡាករជម្រើសជាតិ ដែលត្រៀមខ្លួនចូលរួមប្រកួតប្រជែងមេដាយ ក្នុងស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥នេះផងដែរ ហើយតាមរយៈព្រឹត្តិការណ៍ពិភពលោក ពេលនេះនឹងជួយជំរុញផ្នែកគុណភាពបច្ចេកទេសដល់អត្តពលិកកម្ពុជាឱ្យមានការរីកចម្រើនបន្ថែម៕
ដោយ ហេង ណាលីន





