ប្រធានាធិបតីឥណ្ឌូណេស៊ីបញ្ជាឱ្យស៊ើបអង្កេតករណីរថភ្លើងបុកគ្នាដ៏សាហាវ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ -- ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) កាលពីថ្ងៃទី២៨ ខែមេសាបានបញ្ជាឱ្យមានការស៊ើបអង្កេតទៅលើករណីប៉ះទង្គិចគ្នារវាងរថភ្លើងដឹកអ្នកដំណើរពីរគ្រឿង ដែលបានកើតឡើងនៅយប់ថ្ងៃទី២៧ ខែមេសា នៅជាយក្រុងហ្សាកាតា ដែលបានសម្លាប់មនុស្ស ១៤នាក់ និងរបួសជាង៨០នាក់។
នៅថ្ងៃដដែលនោះ លោក ស៊ូប៊ីយ៉ាន់តូ បានទៅជួបអ្នកជំងឺនៅមន្ទីរពេទ្យមួយក្នុងទីក្រុងបេកាស៊ី និងបានសម្តែងការចូលរួមរំលែកទុក្ខដល់សាច់ញាតិរបស់អ្នកស្លាប់ និងបាននិយាយថា លោកបានបញ្ជាឱ្យមានការស៊ើបអង្កេតជាបន្ទាន់។ លោកក៏បានបញ្ជាឱ្យសាងសង់ស្ពានអាកាសមួយនៅក្នុងទីក្រុងបេកាស៊ីផងដែរ។
លោកប្រធានាធិបតីបានកត់សម្គាល់ថា ចំណុចឆ្លងកាត់ផ្លូវដែកជាច្រើនមិនមានអ្នកយាមទេ ដោយបានសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់វិធានការដោះស្រាយជាបន្ទាន់ រួមទាំងការដំឡើងប៉ុស្តិ៍យាម ឬស្ពានអាកាស។
យោងតាមសេចក្តីថ្លែងការណ៍របស់លោក បប់ប៊ី រ៉ាស៊ីយីឌីន (Bobby Rasyidin) នាយកប្រតិបត្តិក្រុមហ៊ុនផ្លូវដែករដ្ឋឥណ្ឌូណេស៊ី PT KAI បានឱ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៤នាក់។ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយក្នុងទីក្រុងក្រាម៉ាតចាទី ដើម្បីកំណត់អត្តសញ្ញាណ ខណៈដែលអ្នកដំណើររងរបួសចំនួន ៨៤នាក់ផ្សេងទៀតកំពុងត្រូវបានព្យាបាលនៅមណ្ឌលសុខភាពផ្សេងៗគ្នា។
នៅយប់ថ្ងៃទី២៧ ខែមេសា រថភ្លើងផ្លូវឆ្ងាយមួយគ្រឿងដែលដំណើរការលើផ្លូវហ្សាកាតា-ស៊ូរ៉ាបាយ៉ា បានបុកជាមួយរថភ្លើងដឹកអ្នកដំណើរផ្លូវខ្លីមួយគ្រឿងដែលឈប់នៅលើខ្សែរថភ្លើងហ្សាកាតា-បេកាស៊ី។ ប្រតិបត្តិការជួយសង្គ្រោះបានបញ្ចប់បន្ទាប់ពីអនុវត្តអស់ជិត ១២ម៉ោង។ជនរងគ្រោះទាំងអស់ស្ថិតនៅលើរថភ្លើងហ្សាកាតា-បេកាស៊ី ហើយអ្នកដំណើរទាំង ២៤០នាក់នៅលើរថភ្លើងហ្សាកាតា-ស៊ូរ៉ាបាយ៉ា ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





