ហ្វីលីពីនជំរុញការផ្លាស់ប្តូរពីការប្តេជ្ញាចិត្តទៅជាសកម្មភាពនៅក្នុងសប្តាហ៍អាកាសធាតុអាស៊ានឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ -- ប្រទេសហ្វីលីពីននឹងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការផ្លាស់ប្តូរពីការប្តេជ្ញាចិត្តអាកាសធាតុទៅជាសកម្មភាពជាក់ស្តែងនៅកម្រិតមូលដ្ឋាន ខណៈដែលប្រទេសនេះធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍សប្តាហ៍អាកាសធាតុអាស៊ាន (ACW) ឆ្នាំ២០២៦ ដែលចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦។
ថ្លែងនៅក្នុងពិធីបើកព្រឹត្តិការណ៍នេះនៅទីក្រុង Taguig កាលពីថ្ងៃទី២៧ ខែមេសា លោក ជូន មីហ្គែល គូណា (Juan Miguel Cuna)រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងធនធានធម្មជាតិហ្វីលីពីន (DENR) បាននិយាយថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កំពុងចូលដល់ដំណាក់កាលដ៏សំខាន់មួយដែលយុទ្ធសាស្ត្រអាកាសធាតុត្រូវតែអនុវត្តនៅកម្រិតសហគមន៍ ជាជាងស្ថិតនៅក្នុងក្របខ័ណ្ឌគោលនយោបាយ។ ភារកិច្ចបន្ទាន់ឥឡូវនេះ គឺប្រែក្លាយការប្តេជ្ញាចិត្តទៅជាគោលនយោបាយ កម្មវិធី និងគម្រោងវិនិយោគជាក់ស្តែង ដែលផ្តល់អត្ថប្រយោជន៍ដែលអាចវាស់វែងបានដល់ប្រជាជន។
យោងតាមលោក គូណា បានឱ្យដឹងថា របៀបវារៈក្នុងតំបន់គួរតែផ្លាស់ប្តូរឆ្ពោះទៅរកការគាំទ្រអង្គភាពរដ្ឋាភិបាលមូលដ្ឋានក្នុងការអនុវត្តកម្មវិធីសម្របខ្លួន និងភាពធន់ ជាពិសេសនៅក្នុងតំបន់ងាយរងគ្រោះ។
ទន្ទឹមនឹងនេះ លោក ចូណាស់ ឡេអូណេស (Jonas Leones) អនុរដ្ឋមន្ត្រីក្រសួងបរិស្ថានហ្វីលីពីន បានកត់សម្គាល់ថា គម្រោងជាក់លាក់ និងកម្មវិធីសាកល្បងត្រូវបានគេរំពឹងថានឹងត្រូវបានដាក់ឱ្យដំណើរការ ឬពង្រីកបន្ទាប់ពីព្រឹត្តិការណ៍សប្តាហ៍អាកាសធាតុអាស៊ាន។ លោកបានលើកឡើងពីគំនិតផ្តួចផ្តើមមួយជាឧទាហរណ៍ ដែលរួមបញ្ចូលការចុះបញ្ជីដីធ្លី លំនៅដ្ឋានដែលធន់នឹងការប្រែប្រួលអាកាសធាតុ ការធ្វើឱ្យទីក្រុងបៃតង និងការគាំទ្រដល់ជីវភាពរស់នៅតាមរយៈការចែកចាយគ្រាប់ពូជ។
កម្មវិធីនេះក៏បានណែនាំនូវគំរូលំនៅដ្ឋានដែលធន់នឹងអាកាសធាតុដែលមានការរចនាសន្សំសំចៃថាមពល និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ រួមជាមួយនឹងដំណោះស្រាយនានា ដូចជាការអភិវឌ្ឍឧទ្យានលីនេអ៊ែរតាមបណ្តោយទន្លេ ដើម្បីកាត់បន្ថយហានិភ័យគ្រោះទឹកជំនន់ និងកែលម្អបរិស្ថានជាដើម។
លោក គូណា បានបន្ថែមថា ប្រព័ន្ធបង្ការគ្រោះមហន្តរាយត្រូវបានពង្រឹងក្នុងចំណោមហានិភ័យអាកាសធាតុកើនឡើង ជាពិសេសក្រោមផលប៉ះពាល់នៃបាតុភូតធម្មជាតិអែលនីណូ។ ការអភិរក្សទឹកគួរតែត្រូវបានផ្តល់អាទិភាព ខណៈដែលការប្រុងប្រយ័ត្នត្រូវបានទាមទារដើម្បីដោះស្រាយហានិភ័យកើនឡើងនៃភ្លើងឆេះព្រៃ និងកន្លែងចាក់សំរាម៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





