សិង្ហបុរីបង្កើតផ្កាយរណប និងមនុស្សយន្តស្រដៀងនឹងមនុស្សពិតសម្រាប់សន្តិសុខក្នុងស្រុក
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ -- ប្រទេសសិង្ហបុរីនឹងអភិវឌ្ឍន៍ផ្កាយរណបដំបូងរបស់ខ្លួន ដែលគ្រោងនឹងបាញ់បង្ហោះនៅក្នុងឆ្នាំ២០២៩ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងគ្រាអាសន្ន។
ផ្កាយរណបដែលមានឈ្មោះថា Xplorer ដែលមានទម្ងន់ប្រហែល១០០គីឡូក្រាមនេះ នឹងដំណើរការនៅក្នុងគន្លងជិតខ្សែអេក្វាទ័រ ហើយត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញាដើម្បីរកឃើញឧស្ម័នពុល ដូចជាអាម៉ូញាក់ជាដើម ដើម្បីជួយដល់កងកម្លាំងការពារជនស៊ីវិលសិង្ហបុរីក្នុងការឆ្លើយតបឱ្យបានលឿនជាងមុនចំពោះឧប្បត្តិហេតុគ្រោះថ្នាក់។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងសម្របសម្រួលសន្តិសុខជាតិសិង្ហបុរី លោក ខេ ស្សាន់មូហ្កាំ (K Shanmugam) ហើយលោកក៏ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ។
ទីភ្នាក់ងារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Home Team (HTX) កំពុងសហការជាមួយទីភ្នាក់ងារអវកាសជាតិសិង្ហបុរី (NSAS) ថ្មី ដើម្បីស្រាវជ្រាវអំពីការអនុវត្តបច្ចេកវិទ្យាអវកាសក្នុងការពង្រឹងសុវត្ថិភាពសាធារណៈ។ ក្នុងពេលជាមួយគ្នានេះ វាក៏កំពុងធ្វើការងារជាមួយសាជីវកម្មនានា ដូចជាក្រុមហ៊ុន Nvidia និងក្រុមហ៊ុនបារាំង Mistral AI ជាដើមផងដែរ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ដើម្បីបម្រើកងកម្លាំងនេះ។
នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល Milipol TechX (MTX) ឆ្នាំ២០២៦ លោក ស្សាន់មូហ្កាំ បាននិយាយថា ទីភ្នាក់ងារ HTX នឹងបើកដំណើរការមជ្ឈមណ្ឌលមនុស្សយន្តស្រដៀងនឹងមនុស្សពិតនៅក្នុងខែកញ្ញាដើម្បីបណ្តុះបណ្តាលមនុស្សយន្តសម្រាប់កិច្ចការដែលមានហានិភ័យខ្ពស់ដូចជាការដោះស្រាយសម្ភារៈគ្រោះថ្នាក់ និងការពន្លត់អគ្គីភ័យជាដើម។
យោងតាមលោករដ្ឋមន្ត្រីរូបនេះ បានឱ្យដឹងថា ទេសភាពភូមិសាស្ត្រនយោបាយកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងនូវប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាសកលលោក ខណៈដែលខ្សែសង្វាក់ផ្គត់ផ្គង់កំពុងត្រូវបានរៀបចំរចនាសម្ព័ន្ធឡើងវិញ ហើយបច្ចេកវិទ្យាកំពុងត្រូវបានប្រើប្រាស់ជាអាវុធកាន់តែខ្លាំងឡើង ដែលបង្កើតជាហានិភ័យនៃការវាយប្រហារថ្មីៗ ជាពិសេសនៅក្នុងវិស័យសន្តិសុខតាមអនឡាញ។ លោកបានសង្កត់ធ្ងន់ថា គំរូបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់អាចកាត់បន្ថយពេលវេលាពីការរកឃើញភាពងាយរងគ្រោះរហូតដល់ការកេងប្រវ័ញ្ចពីការចំណាយពេលវេលាជាច្រើនខែមកត្រឹមតែពីរបីម៉ោងប៉ុណ្ណោះ ដែលធ្វើឱ្យកងកម្លាំងការពារជាតិស្ទើរតែគ្មានពេលឆ្លើយតប។ ពីមុន ទីភ្នាក់ងារសន្តិសុខតាមអនឡាញសិង្ហបុរីបានចេញការព្រមានអំពីហានិភ័យពីគំរូបញ្ញាសិប្បនិម្មិតជំនាន់ក្រោយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





