អភិបាលខេត្តព្រះសីហនុបានឯកភាពសំណើរសុំលើគម្រោងវិនិយោគចំនួនពីរ នៅក្នុងភូមិសាស្ត្រខេត្តឆ្នេរសមុទ្រមួយនេះ
AKP ព្រះសីហនុ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦--ព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុបានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងអនុម័តលើសំណើរសុំចំនួន ២គម្រោងគឺ១.សំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ក្រុមហ៊ុន SHV Manufacturing (Cambodia) Co.,Ldt មានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះ សីហនុ។ ២.សំណើរសុំនាំចូលដោយពន្ធគយ អាករពិសេស អាករតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ នូវគ្រឿង ម៉ាស៊ីន សម្ភារបរិក្ខាផលិតកម្ម និងវត្ថុធាតុដើមរបស់ក្រុមហ៊ុន FORCOME (CAMBODIA) CO.,LTD. មានទីតាំងស្ថិតនៅភូមិអូរចំណារ សង្កាត់អូរចំណារ សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់ សោម ខេត្តព្រះសីហនុ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។
ដោយក្នុងគម្រោងទី១នោះគឺការស្នើសុំបង្កើតរោងចក្រផលិតសម្ភារៈសម្រាប់សត្វចិញ្ចឹម និងសម្ភារៈវេចខ្ចប់ចំណីសត្វរបស់ក្រុមហ៊ុន អេសអេចវីមេនូហ្វេកឆឺរីង (ខេមបូឌា) ឯ.ក មានទីតាំងភូមិ១ សង្កាត់១ ក្រុង ខេត្តព្រះសីហនុ។ តាមលិខិតលេខ១០៦៥៣ សហវ.លស ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ ដោយទទួលបានការលើកលែងថ្លៃសេវាសាធារណៈលើការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ របស់ក្រុមហ៊ុន អេសអេចវី មេនូហ្វេកឆឺរីង(ខេមបូឌា) ឯ.ក SHV MANUFACTURING (CAMBODIA) CO., LTD. មានទីតាំងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ រោងចក្រផលិតសម្ភារៈសម្រាប់សត្វចិញ្ចឹម និងសម្ភារៈវេចខ្ចប់ចំណីសត្វ មានទុនវិនិយោគ ៤.៥០៦.០៤០,៣៣ដុល្លារអាមេរិក ម្ចាស់ភាគហ៊ុន APOLLO INVESTMENT HOLDING CO., LLC ចុះបញ្ជីនៅសហរដ្ឋអាមេរិក តំណាងដោយលោក QIU BIN សញ្ជាតិចិន (ក្រុមហ៊ុនមេ)។ រោងចក្រនៅលើផ្ទៃដី ៣.០០០ម៉ែត្រការ៉េ (ដីជួល) ទំហំអគារ ២.៥០០ម២ (អគារចាស់ជួសជុលថ្មី) មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១៨០១០១០១-៩៥៩៩ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ របស់លោក ហូ វិនយី(HO WEN JUI)។ ចាប់ផ្តើមជួសជុលកែលម្អនៅខែកញ្ញា ឆ្នាំ២០២៥ បំពាក់គ្រឿងម៉ាស៊ីននៅខែមេសា ឆ្នាំ២០២៦ និងចាប់ផ្តើមដំណើរការផលិតកម្មខែឧសភា ឆ្នាំ២០២៦ ទីផ្សារនាំចេញដូចជា សហរដ្ឋអាមេរិក កាណាដា ជប៉ុន អាមេរិកខាងត្បូង និងសហគមន៍អឺរ៉ុប។ ក្រុមហ៊ុនមានតម្រូវការពលកម្មពេលចាប់ផ្តើមចំនួន ២២៦នាក់ បរទេស ១៥នាក់ និងពេញ សមត្ថភាពមានចំនួន ៣២៩នាក់ បរទេស ២៧នាក់។
គម្រោងទី២.ស្នើសុំនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវគ្រឿងម៉ាស៊ីន សម្ភារៈបរិក្ខារ វត្ថុធាតុដើម និងវត្ថុធាតុដើមបន្សំរបស់ក្រុមហ៊ុន FORCOME (Cambodia) Co.,Ldt ហើយនេះជាការសុំនាំចូលនូវគ្រឿងម៉ាស៊ីន សម្ភារៈបរិក្ខារ វត្ថុធាតុដើម និងវត្ថុធាតុដើមបន្សំជាលើកទី៣ ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានឯកភាពនូវសំណើរស្នើសុំបង្កើតរោងចក្រសម្ភារៈសម្រាប់សត្វចិញ្ចឹម និងសម្ភារៈវេចខ្ចប់ចំណីសត្វរបស់ក្រុមហ៊ុន អេសអេចវីមេនូហ្វេកឆឺរីង (ខេមបូឌា) ឯ.ក មានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងការស្នើសុំនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃជាបន្ទុករបស់រដ្ឋនូវការនាំចូលគ្រឿងម៉ាស៊ីន សម្ភារ បរិក្ខា វត្ថុធាតុដើម និងវត្ថុធាតុដើមបន្សំរបស់ក្រុមហ៊ុន FORCOME Cambodia Co,LTD ។

ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់មន្ត្រីបច្ចេកទេសត្រូវមានឆន្ទៈរួមគ្នាធ្វើការងារជាកញ្ចប់ ដើម្បីបង្កលក្ខណងាយស្រួលដល់អ្នកវិនិយោគិន ព្រមទាំងបានសន្យាជួយសម្របសម្រួលដល់អ្នកវិនិយោគ ដែលពួកគាត់មានគោលបំណងមកវិនិយោគបង្កើតរោងចក្រ សហគ្រាសនៅខេត្តព្រះសីហនុ និងបានស្នើសុំឪ្យអ្នកវិនិយោគបន្តជួយផ្សព្វផ្សាយឪកាសវិនិយោគនៅកម្ពុជា ជាពិសេសឪកាសវិនិយោគនៅខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគសម្រាប់ខេត្តព្រះសីហនុ រហូតដល់ឆ្នាំ២០២៧ និងសូមជូនពរឪ្យអ្នកវិនិយោគទទួលបានជោគជ័យ សេរីសួស្តី សុភមង្គលក្នុងឪកាសឆ្នាំថ្មីនេះបន្តទៀត ៕
ដោយ ងូ សុមុនី





