គណបក្សប្រជាជនកម្ពុជាបង្ហាញពីភាពរឹងមាំ ដោយមានសមាជិកថ្មីជាង៣០០នាក់ ចូលរួមនៅក្រុងប៉ោយប៉ែត
AKP បន្ទាយមានជ័យ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥--លោក បោន ប៊ិន ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់អូរជ្រៅ កាលពីរសៀលថ្ងៃអាទិត្យ ទី០៦ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់សមាជិកថ្មីចំនួនជាង៣០០នាក់ ដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ពិធីដ៏សំខាន់នេះត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីលោក គាត ហ៊ុល ប្រធានគណៈកម្មការគណបក្សប្រជាជនក្រុងប៉ោយប៉ែត ព្រមទាំងក្រុមការងារខេត្តចុះមូលដ្ឋានក្រុង និងសមាជិក-សមាជិកាជាច្រើនរូប។

ក្នុងឱកាសនោះ លោក បោន ប៊ិន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តម ឌិត ទីណា អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការគណបក្សខេត្ត ជូនដល់សមាជិកថ្មី និងអ្នកចូលរួមទាំងអស់។

លោក បោន ប៊ិន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនដែលបានយល់ច្បាស់អំពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងបានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្ស។ គណបក្សប្រជាជនកម្ពុជាតែងតែបើកទ្វារស្វាគមន៍ចំពោះគ្រប់គណបក្សផ្សេងៗទៀត ដែលមានឆន្ទៈចូលរួមសាងសង្គមជាតិ ដោយគ្មានការរើសអើងពូជសាសន៍ ឬពណ៌សម្បុរឡើយ។

លោកប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់អូរជ្រៅ បានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជាគឺជាកម្លាំងនយោបាយដ៏យូរលង់ ដែលបានលះបង់ និងនាំមកនូវសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរជូនប្រទេសកម្ពុជា រហូតមានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ លោកបានគូសបញ្ជាក់ថា សមិទ្ធផលដ៏ធំធេងទាំងនេះកើតឡើងបានដោយសារការជឿជាក់ និងការបោះឆ្នោតគាំទ្រពីបងប្អូនប្រជាពលរដ្ឋចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះជាតិ ការពារមាតុភូមិ ការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាឱ្យមានឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គមជាលំដាប់។

ការប្រកាសទទួលស្គាល់សមាជិកថ្មីជាង៣០០នាក់នេះ បានបង្ហាញឱ្យឃើញពីភាពរឹងមាំ និងការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជានៅក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសនៅក្រុងប៉ោយប៉ែត។ ព្រឹត្តិការណ៍នេះក៏ជាសក្ខីភាពមួយបញ្ជាក់ពីការបន្តបេសកកម្មរបស់គណបក្សក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកភាពរុងរឿង និងការអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀត៕

ដោយ ឈុន សារ៉ាត





