ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប អំពាវនាវឱ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋថែរក្សាសុខភាពឱ្យបានល្អ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
AKP សៀមរាបថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០២៥៖ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប អំពាវនាវឱ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលមកកម្សាន្ត នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ថែរក្សាសុខភាពឱ្យបានល្អ ហូបទឹកឱ្យបានច្រើន ព្រោះជារដូវក្តៅ។

នៅក្នុងពិធីផ្សព្វផ្សាយក្រុមការងារគ្រូពេទ្យសង្គ្រោះបឋម និងបន្ទាន់ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥នេះ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប បានមានប្រសាសន៍ថា អង្គរសង្ក្រាន្តឆ្នាំនេះ បានរៀបចំឡើងទ្រង់ទ្រាយធំដែលគេរំពឹងថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់នឹងមកចូលរួមកម្សាន្តដូចនេះបញ្ហាសុខភាពគឺជាកត្តាដ៏សំខាន់ផងដែរដែលត្រូវយកចិត្តទុកដាក់។

លោកវេជ្ជបណ្ឌិតបានបន្តថា នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ យើងបានដាក់ក្រុមគ្រូពេទ្យ និងក្រុមសង្គ្រោះបឋមចំនួន៣ទីតាំងធំៗ ទី១ ទីតាំងនៅបរិវេណមុខប្រាសាទអង្គរវត្ត មានក្រុមគ្រូពេទ្យ និងរថយន្តគិលានសង្គ្រោះប្រចាំការចំនួន៣កន្លែង ទី២ តំបន់មាត់ស្ទឹងសៀមរាប មានក្រុមគ្រូពេទ្យ និងរថយន្តគិលានសង្គ្រោះប្រចាំការចំនួន៥កន្លែង និងទីតាំងទី៣ នៅបរិវេណអតីតអង្គរឃ្យុងយូ មានក្រុមគ្រូពេទ្យ និងរថយន្តគិលានសង្គ្រោះប្រចាំការចំនួន១កន្លែង។ ដោយមន្ទីរសុខាភិបាល បានត្រៀមគ្រូពេទ្យសរុប២៨៨នាក់ និងក្រុមការងារសម្របសម្រួលចំនួន៣៦នាក់។ ជាមួយគ្នានេះ មន្ទីរសុខាភិបាលសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ក៏បានអញ្ជើញក្រុមការងារទាំងអស់ មកជួបជុំគ្នា ដោយក្រុមគ្រូពេទ្យជំនាញ ក៏បានធ្វើបទបង្ហាញបន្ថែម អំពីការងារបច្ចេកទេសមួយចំនួន ក្នុងការងារសង្គ្រោះបឋមដល់អ្នកជំងឺដោយសារតែមានបញ្ហាបេះដូង ឬជួបបញ្ហាសុខភាពផ្សេងៗ ដែលកើតមាន នៅក្នុងព្រឹត្តិការអង្គរសង្ក្រាន្ត។

ជាមួួយគ្នានេះដែរ នៅគ្រប់មន្ទីរពេទ្យ មណ្ឌលសុខភាព ទាំងអស់ក្នុងខេត្តសៀមរាប គឺក៏មានគ្រូពេទ្យផ្តល់សេវាសុខភាពធម្មតា ដោយពុំមានការអនុញ្ញាតឱ្យឈប់សម្រាកនោះទេ។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋដែលមកកម្សាន្ត នៅក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្តសូមថែរក្សាសុខភាពឱ្យបានល្អ ត្រូវទទួលទានទឹកឱ្យបានច្រើន ទទួលទានអាហារឱ្យមានអនាម័យ ដើម្បីសុខភាពល្អទាំងអស់គ្នា ពោលគឺមក្សាន្តសប្បាយហើយ ត្រឡប់ទៅផ្ទះវិញដោយសុខភាពល្អ៕

ដោយ៖ ឃុត សៅ





