ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលក្រុងដូនកែវថ្មី
AKP តាកែវ ថ្ងៃទី២៩ ខែមេសាឆ្នាំ២០២៦-- រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលក្រុងដូនកែវថ្មី។ ដោយរាជរដ្ឋាភិបាលបានផ្ដល់ទំនុកចិត្តប្រកាសតែងតាំង លោក ឌឹម គឹមសាន ជាអភិបាលនៃគណៈអភិបាលក្រុងដូនកែវថ្មី ជំនួស លោក កង អាណាន់ ដែលត្រូវបានផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី។

គួរបញ្ជាក់ផងដែរថា លោក ឌឹម គឹមសាន ធ្លាប់ជាអភិបាលរងនៃគណៈអភិបាលក្រុងដូនកែវ ពីឆ្នាំ២០០៧ដល់ឆ្នាំ២០២៥ ត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី ពីឆ្នាំ២០១៥ដល់ឆ្នាំ២០២២ និងត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំរដ្ឋបាលក្រុងដូនកែវ ខេត្តតាកែវ កាលពីព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦។អញ្ជើញជាអធិបតីក្នុងពិធីនោះ មានវត្តមាន ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម វ៉ៃ សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្តតាកែវ លោក លោកស្រីអភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចំណុះរដ្ឋបាលក្រុងដូនកែវ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ចូលរួមជាច្រើនរូបផងដែរ។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំ ដល់លោកអភិបាលក្រុងដូនកែវថ្មី ដែលទើបចូលកាន់តំណែង ត្រូវចូលរួមសហការពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ។ទំនាក់ទំនងការងារឱ្យបានល្អ នៅក្នុងមូលដ្ឋានក្រុង-សង្កាត់-ភូមិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាព និងធានានិរន្តរភាពការងាររបស់ខ្លួន ឱ្យកាន់តែមានភាពល្អប្រសើរ។

ឯកឧត្តម វ៉ីសំណាង បានមានប្រសាសន៍បន្តថា ត្រូវខិតខំបំពេញការងារនិងបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឱ្យបានលឿន ត្រឹមត្រូវ និងទាន់ពេលវេលា។ត្រូវខិតខំបំពេញការងារ និងបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងឱ្យបានលឿន ដើម្បីធានាបានថា រដ្ឋបាលក្រុងដឹកនាំដោយអ្នកថ្មីនេះ នឹងក្លាយជាអង្គភាពមួយដែលផ្តល់សេវាល្អប្រសើរ ប្រកបដោយប្រសិទ្ធភាពនិងទំនួលខុសត្រូវ។

ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានប្រាប់ឱ្យលោកអភិបាលក្រុងថ្មី ខិតខំបំពេញការងារនិងបម្រើប្រជាពលរដ្ឋ ឱ្យអស់ពីសមត្ថភាព ជាពិសេសរាល់សំណើរឬតម្រូវការសេវាសាធារណៈរបស់ប្រជាពលរដ្ឋ ត្រូវតែចុះដោះស្រាយឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន។ហើយរាល់ការផ្តល់សេវាទាំងអស់ ត្រូវតែត្រឹមត្រូវតាមនីតិវិធីច្បាប់និងលក្ខខណ្ឌតម្រូវ ដើម្បីចៀសវាងកំហុសឆ្គង ដែលអាចនាំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តតាកែវ ក៏បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរក្រុង-សង្កាត់-ភូមិ និងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវរួមសហការគ្នា លុបបំបាត់នូវអំពើអសកម្មនានា និងធ្វើការទប់ស្កាត់ការប្រើប្រាស់ ការចែកចាយ និងការជួញដូរគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើយ៉ាងណា ឱ្យមូលដ្ឋានរបស់យើងមានសុខសុវត្ថិភាព និងនាំឱ្យបងប្អូនប្រជាពលរដ្ឋមានជំនឿជឿជាក់ លើការដឹកនាំរបស់អាជ្ញាធរ និងរាជរដ្ឋាភិបាល៕
ដោយ អ៊ុច សៀង





