ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិទទួលបានការចុះឈ្មោះប្រមាណ ៣០០០នាក់ ខណៈក្តីរំពឹងទុកនឹងកើនឡើងដល់ ៦០០០នាក់
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦--ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី១៤ ឆ្នាំ២០២៦ គ្រោងនឹងរៀបចំឡើងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ទទួលបានការចុះឈ្មោះចូលរួមពីអ្នករត់ជាតិ-អន្តរជាតិប្រមាណ ៣០០០នាក់ ខណៈក្តីរំពឹងទុកនឹងអាចកើនឡើងដល់៥០០០ ដល់ ៦០០០នាក់។

នេះជាការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការ NOCC រាជធានីភ្នំពេញ។

ឯកឧត្តមលើកឡើងថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី១៤ ឆ្នាំ២០២៦ គ្រោងនឹងរៀបចំឡើងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ដោយទីតាំងចេញដំណើរ និងដល់ទី រៀបចំនៅសួនច្បារមុខវត្តបទុមវតី ជិតព្រះបរមរាជវាំង រាជធានីភ្នំពេញ ដើម្បីអបអរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គម្រប់ព្រះជន្ម ៩០ យាងចូល ៩១ ព្រះវស្សា រួមទាំងគោលដៅបន្តសកម្មភាពសប្បុរសធម៌ ដោយស្វែងរកមូលនិធិជួយមន្ទីរពេទ្យគន្ធបុប្ផា។ គោលបំណងពិសេសមួយទៀត គឺផ្សព្វផ្សាយពីកេរ្ដិ៍ឈ្មោះ និងទេសចរណ៍ក្នុងរាជធានីភ្នំពេញ ក៏ដូចជំរុញសកម្មភាពកីឡាដើម្បីសុខភាពរបស់ប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា សម្រាប់ទិវាពាក់កណ្តាលម៉ារ៉ាតុង នៅរាជធានីភ្នំពេញ ទទួលបានការគាំទ្រពីសាលារាជធានីភ្នំពេញ ហើយត្រូវរក្សាសុវត្ថិភាពខ្ពស់ដល់អ្នករត់ទាំងឡាយ ដោយសារតែចរាចរមមាញឹកខ្លាំង ដូច្នេះការរៀបចំបិទផ្លូវ និងការថែរក្សាសុវត្ថិភាពជូនដល់អ្នករត់ត្រូវលើកកម្ពស់ខ្លាំងណាស់។ អ្វីដែលកាន់តែរីករាយ ការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងភ្នំពេញអន្តរជាតិ ឆ្នាំ២០២៦នេះទទួលបានការឧបត្ថម្ភគាំទ្រធំពីក្រុមហ៊ុនវឌ្ឍនៈ ដែលមានផលិតផលជាភេសជ្ជៈកីឡាច្រើន ដើម្បីជំរុញឱ្យការរៀបចំនេះកាន់តែអធិកអធម និងទាក់ទាញការចូលរួមពីអ្នករត់ជាតិ-អន្តរជាតិកាន់តែច្រើន។`មកដល់ពេលនេះ គណៈកម្មការទទួលបានការចុះឈ្មោះពីអ្នករត់ជាតិ-អន្តរជាតិប្រមាណ ៣០០០នាក់ហើយ ខណៈរយៈពេលនៅសល់មុនបិទបញ្ចប់ការចុះឈ្មោះកៀកនឹងការរៀបចំ នាព្រឹកថ្ងៃទី១៤ ខែឧសភា ខាងមុខនេះរំពឹងនឹងអាចទាក់ទាញបានអ្នករត់ចូលរួមបន្ថែម អាចពី ៥០០០ ដល់៦០០០នាក់។
លោកស្រីតំណាងក្រុមហ៊ុនវឌ្ឍនៈ លើកឡើងថា ក្នុងនាមជាក្រុមហ៊ុនកូនខ្មែរតែងតែមានឆន្ទៈក្នុងការលើកស្ទួយចូលរួមអភិវឌ្ឍន៍ប្រទេសជាតិទាំងអស់គ្នា ដោយតែងតែចូលរួមក្នុងសកម្មភាពសង្គមជាច្រើន ក្នុងនោះក៏ក្រុមហ៊ុនចូលរួមជួយឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍កីឡានានាផងដែរ។
ជាមួយគ្នានេះ នាយកប្រតិបត្តិទិវារត់ប្រណាំងនៅកម្ពុជា លោក សែម ផល្លា បានគូសបញ្ជាក់ថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិមាន៤វិញ្ញាសា គឺវិញ្ញាសាពាក់កណ្តាលម៉ារ៉ាតុង ចម្ងាយ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និងរត់កម្សាន្តលក្ខណៈគ្រួសារ ២,៥គីឡូម៉ែត្រ។ ក្នុងនាមជាអ្នករៀបចំបច្ចេកទេសទិវារត់ប្រណាំង យើងតែងតែគិតគូដល់គុណភាពនៃការរៀបចំសុខសុវត្ថិភាពដល់អ្នករត់ជាតិ-អន្តរជាតិដែលគណៈកម្មការរៀបចំតែងតែគិតគូ និងរៀបចំជាកក្តាចម្បងខ្ពស់បំផុត។
លោក សែម ផល្លា បន្ថែមថា នេះជាព្រឹត្តិការណ៍អន្តរជាតិ ដោយការវាស់វែងតម្រាយផ្លូវ ការបញ្ជាក់ និងការទទួលស្គាល់ពីគណៈកម្មការម៉ារ៉ាតុងអន្តរជាតិ ដែលមិនមែនជាការរៀបចំទិវារត់កម្សាន្តផ្សេងៗឡើយ។ ក្រោយពេលបញ្ចប់ទិវានេះ គណៈកម្មការរៀបចំរបស់យើងនឹងផ្ញើជូនរបាយការណ៍ជូនទៅគណៈកម្មការម៉ារ៉ាតុងអន្តរជាតិ ដូច្នេះរាល់ការចូលរួមរត់ប្រណាំងអន្តរជាតិមួយនេះ នាយកប្រតិបត្តិរូបនេះបានអំពាវនាវដល់មហាជនចុះឈ្មោះចូលរួមឱ្យបានច្រើនកុះករ និងមានការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមលើកតម្កើងគុណភាពនៃទិវានេះឱ្យត្រឹមត្រូវតាមស្តង់ដាអន្តរជាតិ សម្រាប់មុខមាត់ប្រទេសជាតិរបស់យើងផងដែរ៕
ដោយ ហេង ណាលីន





