ប្រធានស្តីទីព្រឹទ្ធសភាកម្ពុជាបានថ្លែងអំណរគុណចំពោះម៉ាឡេស៊ីក្នុងតួនាទីជាប្រធានអាស៊ាន កាលពីឆ្នាំ២០២៥កន្លងទៅ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភាកម្ពុជាបានថ្លែងអំណរគុណចំពោះម៉ាឡេស៊ី ជាពិសេសកាលពីឆ្នាំ២០២៥កន្លងទៅ ក្នុងនាមជាប្រធានអាស៊ាន ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការជួយសម្របសម្រួលកាត់បន្ថយភាពតានតឹង និងជំរុញដំណើរការសន្តិភាពនៅក្នុងតំបន់។

តាមរយៈជំនួប នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ជាមួយឯកឧត្តមបណ្ឌិត Datuk Shaharuddin Onn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី ព្រមទាំងការត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់ ឯកឧត្តម Datuk Nur Jazlan Mohamed អនុប្រធានទី១ ព្រឹទ្ធសភាម៉ាឡេស៊ីមកកាន់ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភាកម្ពុជាបានថ្លែងអំណរគុណចំពោះម៉ាឡេស៊ី ជាពិសេសកាលពីឆ្នាំមុនក្នុងនាមជាប្រធានអាស៊ាន ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការជួយសម្របសម្រួលកាត់បន្ថយភាពតានតឹង និងជំរុញដំណើរការសន្តិភាពក្នុងតំបន់។ ក្នុងជំនួបនេះភាគីទាំងពីរក៏បានពិភាក្សាផងដែរអំពីការពង្រឹងទំនាក់ទំនងសភា និងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ការងារ សុខាភិបាល និងវិស័យហាឡាល់ ដើម្បីបម្រើផលប្រយោជន៍រួម នៃប្រជាជនប្រទេសទាំងពីរ។

ឯកឧត្តម អ៊ុច បូររិទ្ធ បានស្វាគមន៍ចំពោះគម្រោងដំណើរទស្សនកិច្ចរបស់អនុប្រធានទី១ ព្រឹទ្ធសភាម៉ាឡេស៊ី និងបានបញ្ជាក់ពីការត្រៀមខ្លួនរបស់ព្រឹទ្ធសភាកម្ពុជា ក្នុងការសម្របសម្រួលកម្មវិធីពាក់ព័ន្ធ។ ភាគីទាំងពីរបានបង្ហាញឆន្ទៈរួមក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នព្រឹទ្ធសភានៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពថែមទៀត៕

ដោយ ចាន់ សុភឿន (ប្រភព៖ ព្រឹទ្ធសភា)





