ព្រឹទ្ធាចារ្យចាប៉ីដងវែង បារម្ភពីការបាត់បង់សិល្បៈចាប៉ី ព្រោះខ្វះអ្នកគាំទ្រ និងខ្វះអ្នកបន្តវេន
AKPកំពង់ស្ពឺថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥៖ ក្នុងវ័យ៧៧ឆ្នាំ ជាអ្នកមានទីកំណើតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ព្រឹទ្ធាចារ្យចាប៉ីដងវែង លោក សាន់ ស៊ឺន បានសម្តែងនូវក្តីព្រួយបារម្ភពីការបាត់បង់សិល្បៈចាប៉ីបន្តិចម្តងៗ ព្រោះខ្វះអ្នកគាំទ្រ និងខ្វះអ្នកបន្តវេន ដោយម្ចាស់កម្មវិធីបុណ្យមួយចំនួននាពេលបច្ចុប្បន្នគេច្រើនតែចាក់ធុងបាស់ ជំនួសឱ្យការជួលអ្នកចាប៉ីដងវែងទៅសម្តែងទៅវិញ និងមួយវិញទៀតក៏ពុំសូវជាមានអ្នករៀនចាប៉ី ដើម្បីធ្វើជាអ្នកបន្តវេនប៉ុន្មានដែរ ហើយប្រសិនបើសិល្បៈចាប៉ីដងវែងត្រូវបានបាត់បង់នៅថ្ងៃណាមួយពិតប្រាកដមែននោះ វាពិតជាគួរឱ្យសោកស្តាយខ្លាំងណាស់ ព្រោះសិល្បៈចាប៉ីដងវែងនេះ គឺជាកេរ្តិ៍ដំណែលដែលបានបន្សល់ទុកដោយដូនតាខ្មែរអស់កាលដ៏យូរលង់ណាស់មកហើយ ខណៈដែលបណ្តាប្រទេស ឬជនជាតិផ្សេងៗទៀតនៅលើភពផែនដីយើងនេះ ពួកគេគ្មានឡើយសិល្បៈចាប៉ីដងវែងដូចជាកម្ពុជាឡើយ។

នេះជាការបញ្ជាក់របស់ព្រឹទ្ធាចារ្យ សាន់ ស៊ឺន ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាពេលដែលលោកត្រូវបានអញ្ជើញឱ្យមកសម្តែងចាប៉ីដងវែង សម្រាប់ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ នៅស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប កាលពីល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។

ព្រឹទ្ធាចារ្យចាប៉ីដងវែង សាន់ ស៊ឺន បានថ្លែងថា សម្រាប់រូបលោកផ្ទាល់ លោកពិតជាមានការជាប់ចិត្តទៅ នឹងចាប៉ីដងវែងតាំងតែពីក្មេង ដោយកាលពីនៅជាកុមារភាពលោកតែងតែយកចិត្តទុកដាក់ក្នុងការស្តាប់ ចាប៉ីដែលសម្តែងដោយអ្នកជំនាន់មុននាទសវត្សរ៍ឆ្នាំ១៩៦០មានដូចជាតាពូថៅដៃជាដើម ហើយតែងតែលួចច្រៀងតាមពួកគាត់ដោយដោយក្តីជាប់ចិត្ត ជាប់អារម្មណ៍ជាទីបំផុត។ លោកបានបន្តថា ក្រោយថ្ងៃ រំដោះ ៧ មករា ឆ្នាំ១៩៧៩ លោកបានបន្តនូវក្តីស្រមៃរបស់លោកដែលចង់ក្លាយជាអ្នកច្រៀងចាប៉ីដង វែងឡើងវិញ ដោយលោកបានចាប់រៀនចាប៉ីដងវែងជាមួយលោកគ្រូ ម៉ម សុន នៅក្នុងឆ្នាំ១៩៨២ អស់

រយៈពេល៤ឆ្នាំ ទើបលោកគ្រូចាប៉ីរបស់លោកបានបណ្តាយឱ្យលោកចេញច្រៀងនៅតាមកម្មវិធីបុណ្យ ឬតាមកម្មវិធីផ្សេងៗទៀតជាហូរហែ ហើយអ្វីដែលជាកិត្តិយសសំខាន់បំផុតសម្រាប់លោកនៅក្នុងវិស័យសិល្បៈចាប៉ីដងវែងនេះ គឺលោកទទួលបានជ័យលាភីលេខ២ នៅក្នុងការប្រឡងចាប៉ីដងវែងនៅវាលព្រះមេរុ នាឆ្នាំ២០០១ ហើយនៅឆ្នាំ២០០៣ លោកប្រឡងជាប់បានលេខ១ ដែលនៅពេលនោះហើយរូបលោកត្រូវបានបញ្ចូលឈ្មោះមកនៅវិទ្យុជាតិកម្ពុជាជាមួយលោកគ្រូ ប្រាជ្ញ ឈួន រហូតដល់លោកត្រូវចូលនិវត្តន៍ ដោយនៅក្នុងពេលបម្រើការនៅវិទ្យុជាតិកម្ពុជានេះហើយលោកបានផលិតចម្រៀងចាប៉ីជាច្រើនបទសម្រាប់ការចាក់ផ្សាយតាមវិទ្យុជាតិកម្ពុជា ហើយនៅក្រោយពេលលោកចូលនិវត្តន៍ទៅហើយនោះការងារនេះក៏នៅតែបន្តក្នុងនាមលោកជាមន្ត្រីជាប់កិច្ចសន្យា។ លោកថា លោកធ្វើការងារនេះដោយការពេញចិត្តជាទីបំផុត ព្រោះជាការងារដែលលោកស្រឡាញ់ និងចូលចិត្តជាខ្លាំងតាំងតែពីនៅក្មេង ហើយចំពោះការបានចូលបម្រើការងារនៅក្នុងវិស័យមួយនេះ គឺចាត់ទុកថាជាការសម្រេចបាននូវក្តីបំណងរបស់លោកយ៉ាងពិតប្រាកដណាស់។ ជាមួយគ្នានេះលោកព្រឹទ្ធាចារ្យចាប៉ីដងវែង សាន់ ស៊ឺន ក៏បានអំពាវនាវដល់យុវជនឱ្យចូលរួមសិក្សារៀនសូត្រចាប៉ីដងវែង ដើម្បីក្លាយជាអ្នកបន្តវេន ធ្វើយ៉ាងណាកុំឱ្យមានការបាត់បង់នូវអ្វីដែលជាស្នាដៃ ដែលបានបន្សល់ទុកដោយដូនតារបស់យើងអស់កាលដ៏យូរលង់ណាស់មកហើយនោះឱ្យសោះ។
សូមជម្រាបជូនថា ចាប៉ីដងវែងត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ចាប៉ីដងវែង គឺជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទ អង្គរវត្តផងដែរ។ ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗដោយខ្លួនឯងទៀតផង ដោយបទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម៕
ដោយ៖ ចាន់ សុភឿន





