បេសកកម្មជំរុញការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៥ សំដៅការកែលម្អគុណភាពសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព និងក្នុងការជំរុញបង្កើនការថែទាំសុខភាពបឋមនៅក្នុងខេត្តស្ទឹងត្រែង
AKP ស្ទឹងត្រែង ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ -- ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលទទួលបន្ទុកការងារបច្ចេកទេសសេវាសុខភាពបឋមនៅមូលដ្ឋានកម្រិតមណ្ឌលសុខភាពក្នុងខេត្តចំនួន១៣ និងជាប្រធានក្រុមការងារអភិវឌ្ឍន៍ និងគ្រប់គ្រងការអនុវត្តក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា បានចុះបំពេញបេសកកម្មនៅក្នុងខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។

ការចុះបំពេញបេសកកម្មនេះ មានគោលបំណងជំរុញកែលម្អគុណភាពសេវានៅតាមមណ្ឌលសុខភាពឱ្យកាន់តែមានភាពល្អប្រសើរ ដោយអនុលោមតាមសំណុំសកម្មភាពអប្បរិមា, ជំរុញបង្កើនការចូលរួមអនុវត្តន៍ការថែទាំសុខភាពបឋមនៅស្ទឹងត្រែងតាមរយៈការពង្រឹងដំណើរការនៃគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) និងលើកកម្ពស់ការយល់ដឹងរបស់ផ្នែកពាក់ព័ន្ធ និងដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ជំរុញការចូលរួមពីផ្នែកពាក់ព័ន្ធក្នុងការអនុវត្ត “ផែនការឆ្នាំ២០២៥ ដើម្បីជំរុញបង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវាមណ្ឌលសុខភាព” នៅក្នុងខេត្តស្ទឹងត្រែង។

នៅក្នុងដំណើរបេសកកម្មនេះ លោកជំទាវបានចុះពិនិត្យ និងណែនាំជំរុញការកែលម្អមណ្ឌលសុខភាពចំនួន ៦កន្លែងនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្ទឹងត្រែងក្នុងខេត្តស្ទឹងត្រែង ដែលមានដូចជា មណ្ឌលសុខភាពព្រះនរោត្តមសីហនុរាជា និងសម្ដេចព្រះវររាជមាតា នរោត្តមមុនិនាថសីហនុ អូរស្វាយ ត្បូងខ្លា ស្រែក្រសាំង សាមគ្គី ថាឡាបរីវ៉ាត់ និងមណ្ឌលសុខភាពចំការលើ។

ស្របពេលនៃការចុះពិនិត្យមណ្ឌលសុខភាពសាមគ្គី លោកជំទាវក៏បានជួបប្រជុំជាមួយគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពភូមិផងដែរ៕
ដោយ: ពេជ្រ សំអឿន (ប្រភព: ក្រសួងសុខាភិបាល)





