ក្នុងឆ្នាំ២០២៥នេះ តំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុរំពឹងថា នឹងមានការកើនឡើងចំនួនក្រុមហ៊ុនបន្ថែមទៀត
AKP ព្រះសីហនុ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ --ក្នុងពេលបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុ មានសហគ្រាស(ក្រុមហ៊ុន)ចំនួនសរុប២០២ដែលជាក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន អឺរ៉ុប សហរដ្ឋអាមេរិក និងអាស៊ីអាគ្នេយ៍។ ក្នុងឆ្នាំ២០២៥នេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានគេរំពឹងថា នៅតែអាចទទួលបានការវិនិយោគបន្ថែមទៀត។

បើតាមអ្នកគ្រប់គ្រងនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុគឺជាគម្រោងលេចធ្លោមួយក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះស៊ីហនុត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ រវាងក្រុមហ៊ុនប្រទេសចិន និងកម្ពុជា ក្នុងទំហំផ្ទៃដីអភិវឌ្ឍន៍សរុប១១,១៣ គីឡូម៉ែត្រក្រឡា។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានកម្ពុជា និង សារព័ត៌មាន People's Daily របស់ចិន លោក លីវ លានស៊ឺ អគ្គនាយករងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះស៊ីហនុផ្តោតជាសំខាន់លើវិស័យដូចជា សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ គ្រឿងបន្លាស់រថយន្ត គ្រឿងអេឡិចត្រូនិក ការផលិតសំបកកង់រថយន្ត និងដំឡើងរថយន្ត និងកង់ជាដើម។ លោកបានបញ្ជាក់ថា តាមរយៈផលិតកម្មនេះគឺបានធ្វើឱ្យការនាំចេញនិងនាំចូលក្នុងឆ្នាំ២០២៤កន្លងមកមានទំហំទឹកប្រាក់សរុប ៤ ០៧៨ ពាន់លានដុល្លារអាម៉េរិកកើនឡើងកើនឡើង២១,៣ភាគរយបើធៀបនឹងឆ្នាំ២០២៣។

លោក លាវ លានឈី (Liu Lianchi ) បានបន្តថា បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានសហគ្រាសស្មើនឹង៧០ភាគរយនៃចំនួនរោងចក្រទូទាំងខេត្តព្រះសីហនុ ហើយបានបង្កើតការងារបានប្រមាណ ៣ ២០០០ កន្លែង ដែលត្រូវបានគេហៅថា”ក្បាលម៉ាស៊ីន”នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និង “ចានមាស”របស់ប្រជាជន។ លោកបានឱ្យដឹងទៀតថា ការវិនិយោគនៅតំបន់មួយនេះនាកន្លងមកក៏បានជួយលើកស្ទួយផងដែរតាមរយៈការជំរុញការងារក្នុងមូលដ្ឋាន និងកែលម្អកម្រិតជីវភាពរស់នៅរបស់ប្រជាជនក្នុងសហគមន៍។ ក្រៅពីនេះចំពោះកើនឡើងនៃសកម្មភាពសេដ្ឋកិច្ច និងការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសមួយ នេះក៏ជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ការរកចំណូលពន្ធខ្ពស់សម្រាប់កម្ពុជា ពិសេសការសម្រាប់ប្រើប្រាស់ក្នុងវិស័យសេវាសាធារណៈ គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងពិសេសដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនទាំងមូលតែម្តង។
លោកអគ្គនាយករងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក៏បានអះអាងថា តាមរយៈគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់និងផ្លូវ រវាងកិច្ចសហប្រតិបត្តិការប្រទេសកម្ពុជា និងប្រទេសចិន តំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ប្តេជា្ញនឹងខិតខំប្រឹងប្រែងបន្តទៀត ដើម្បីចូលរួមចំណែកក្នុងការកសាងសហគមន៍ ជោគវាសនាកម្ពុជា-ចិននៅក្នុងយុគសម័យថ្មីនេះ៕
ដោយ៖ ដេប៉ូ





