កម្មវិធី «រត់ដើម្បីលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ»
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ -- នៅកោះនរា រាជធានីភ្នំពេញ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «រត់ដើម្បីលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ» ក្នុងរយៈចម្ងាយចម្ងាយ ៣គីទ្បូម៉ែត្រ និង ៥គីទ្បូម៉ែត្រ ដោយមានអ្នកចូលរួមប្រមាណជិត ១.០០០នាក់ នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។

កម្មវិធីរត់ដើម្បីលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយនេះ ត្រូវបានរៀបចំទ្បើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីសារ:សំខាន់និងគុណតម្លៃនៃការបំបៅកូនដោយទឹកដោះម្តាយដល់អ្នកចូលរួម និងសាធារណៈជនទាំងមូល, ជំរុញបរិយាកាសអំណោយផលនៅកន្លែងធ្វើការដើម្បីគាំទ្រ ការពារ និងលើកកម្ពស់ម្តាយដែលបំបៅដោះកូន និងបង្កើនការយល់ដឹងអំពីសារសំខាន់ និងគុណតម្លៃនៃការបំបៅកូនដោយទឹកដោះម្តាយឱ្យកាន់តែទូលំទូលាយតាមរយ:បណ្តាញសង្គម។

លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ បានគូសបញ្ជាក់់ថា ដោយមើលឃើញនូវគុណតម្លៃដ៏មហាសាលរបស់ទឹកដោះម្តាយ ក្រសួងសុខាភិបាលមានគោលនយោបាយចំនួនបីក្នុងការជំរុញលើកកម្ពស់ គាំទ្រ និងការពារការបំបៅកូនដោយទឹកដោះម្តាយ គឺការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយភ្លាមក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេល ៦ខែដំបូងនៃជីវិត និងបន្តបំបៅកូនដោយទឹកដោះម្តាយរហូតកុមារមានអាយុ ២ឆ្នាំ ឬលើស ជាមួយនឹងការផ្តល់អាហារបន្ថែមនៅពេលកុមារមានអាយុចាប់ពី ៦ខែឡើងទៅ ដោយផ្តល់អាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងមានសុវត្ថិភាពសមស្របតាមអាយុរបស់កុមារ។

ទន្ទឹមនឹងនេះដែរ លោកជំទាវសាស្រ្តាចារ្យ រដ្ឋលេខាធិការ បានបន្ថែមថា ដើម្បីឱ្យម្តាយអនុវត្តន៍បាននូវការបំបៅដោះកូនមានប្រសិទ្ធភាពខ្ពស់ បុគ្គលិកមណ្ឌលសុខភាពទាំងអស់ត្រូវចាប់ផ្តើមផ្តល់ការប្រឹក្សាការបំបៅកូនដោយទឹកដោះម្តាយនៅពេលស្ត្រីមកពិនិត្យផ្ទៃពោះលើកទី១ និងបន្តផ្តល់ការប្រឹក្សាការបំបៅកូនដោយទឹកដោះម្តាយរាល់ពេលស្រ្តីមកពិនិត្យរៀងរាល់លើក។ លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការបន្តថា នៅពេលការបំបៅកូនដោយទឹកដោះម្តាយបានរយៈពេលបីខែ ស្រ្តីត្រូវត្រលប់ចូលធ្វើការវិញ ដូច្នេះស្ត្រីត្រូវមានចំណេះដឹងទៅលើរបៀបច្របាច់ និងរក្សាទុកទឹកដោះម្តាយសម្រាប់បំបៅកូន ហើយនៅពេលកុមារអាយុបាន ៦ខែ ម្តាយត្រូវបន្តបំបៅកូនដោយទឹកដោះម្តាយជាមួយនឹងការផ្តល់អាហារបន្ថែមមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងមានសុវត្ថិភាព។
លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការបានចង្អុលបង្ហាញថា មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក សហការជាមួយអង្គការ Helen Keller International និងដៃគូដទៃទៀតក្នុងការបណ្តុះបណ្តាលជំនាញផ្តល់ប្រឹក្សាដល់បុគ្គលិកមណ្ឌលសុខភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីបន្តផ្តល់ប្រឹក្សាដល់ស្រ្តីមានផ្ទៃពោះឱ្យកាន់តែប្រសើរ។ ប្រសិនបើម្តាយបានយល់ច្បាស់ពីគុណតម្លៃ និងផលប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយនៅអំឡុងពេលនៃការពិនិត្យផ្ទៃពោះលើកទីមួយ និងជាបន្តបន្ទាប់ ស្រ្តីពិតជាបំបៅកូនដោយទឹកដោះម្តាយ និងមិនបំបៅដោយទឹកដោះគោម្សៅនោះទេ ព្រោះពួកគេចង់ឱ្យទារកមានសុខភាពល្អ។
«កម្មវិធីរត់ដើម្បីលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយនេះ» មានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ សីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោកស្រីសាស្រ្តាចារ្យជំនួយ គឹម រ័ត្ននា ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងលោក ហ៊ូ ក្រើន នាយកអង្គការ Helen Keller International និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត ដូចជា Johanniter Cambodia, GIZ-MUSEFO, Alive & Thrive, FAO, RACHA និងបណ្តាញអ្នកសារព័ត៌មានមួយចំនួនទៀត។ កម្មវិធីរត់ដើម្បីលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយនេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នៃក្រសួងសុខាភិបាល សហការជាមួយអង្គការ Helen Keller International និងគាំទ្រថវិកាដោយ The Church of Jesus Christ of Latter-day Saints តាមរយ:គម្រោង Transforming Lives Through Nutrition និង អង្គការJohanniter-Cambodia៕
ដោយ: ពេជ្រ សំអឿន (ប្រភព: ក្រសួងសុខាភិបាល)





