ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ៦ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
AKP ឧត្តរមានជ័យ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ -- ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូអញ្ជើញចុះសួរសុខទុក្ខ ជួបសំណេះសំណាល និងនាំយកសម្ភារៈថវិកាដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ចែកជូននាយទាហាន នាយទាហានរង និងពលទាហាននៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ចំណុះកងពលធំអន្តរាគមន៍លេខ២ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា សម្ព័ន្ធមេត្រីភាពរវាងកងពលតូចអន្តរាគមន៍លេខ៦ ជាមួយរដ្ឋបាលខេត្តកំពង់ចាម គឺយោងទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល ហើយរដ្ឋបាលខេត្តកំពង់ចាម ជារៀងរាល់ឆ្នាំតែងតែចំណាយពេលវេលាក្នុងការចូលរួម លើកទឹកចិត្ត សួរសុខទុក្ខ និងសំណេះសំណាល ជាមួយនាយទាហាន ពលទាហាននៃកងពលតូចអន្តរាគមន៍លេខ៦ ដែលជាកងពលសម្ព័ន្ធមេត្រីភាព ដែលបញ្ជាក់ពីការគាំទ្រ និងថ្លែងអំណរគុណដល់កងកម្លាំងយើងទាំងអស់ ហើយក៏ជាការផ្តល់ឱ្យនូវគុណតម្លៃខ្ពស់របស់កងកម្លាំងប្រដាប់អាវុធក្នុងការការពារបូរណភាពទឹកដីរបស់យើង។

ឯកឧត្តមក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងពលតូចអន្តរាគមន៍លេខ៦ បើទោះបីសម្តេចនាយករដ្ឋមន្ត្រីខកខានជួបជាមួយបងប្អូនមួយរយៈយ៉ាងណាក៏ដោយ ប៉ុន្តែសម្តេចតែងនឹករលឹកដល់កងកម្លាំងរបស់យើង ហើយនៅក្នុងឱកាសឆ្នាំថ្មីនេះ សម្តេចបានជូនពរ សូមទេវតាឆ្នាំថ្មីប្រសិទ្ធពរជ័យជូនកងកម្លាំងកងយោធពលខេមរភូមិន្ទយើងទាំងអស់ ឱ្យមានសុខភាពល្អ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា ដោយសភាពការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ បច្ចុប្បន្ននេះមានសភាពស្ងប់ស្ងាត់ល្អ បន្ទាប់ពីរយៈពេល ១ខែមុនដែលមានបញ្ហាខ្លះៗជាមួយកងទ័ពថៃ តែមិនបានបង្កើតនូវបាតុភាពអ្វី ឬសកម្មភាពអ្វីមួយនាំឱ្យមានការប៉ះទង្គិចគ្នាទេ ប៉ុន្តែកម្លាំងកងយោធពលខេមរភូមិន្ទរបស់យើងនៅទីនេះ គឺអនុវត្តបទបញ្ជា អនុវត្តគោលការណ៍ពីមេបញ្ជាការ ពីប្រមុខរាជរដ្ឋាភិបាល ទើបយើងរក្សាបាននូវភាពស្ងៀមស្ងាត់មកដល់ពេលនេះ។ ឯកឧត្តមសូមឱ្យកងទ័ពយើងថែរក្សាខ្សែបន្ទាត់ព្រំដែនជាព្រំដែនសន្តិភាព ព្រំដែនមិត្តភាព ព្រំដែនដែលមានកិច្ចសហប្រតិបត្តការ និងការអភិវឌ្ឍ និងប្រែក្លាយព្រំដែនដែលធ្លាប់តែមានសង្គ្រាម ធ្លាប់តែលឺសម្លេងគ្រប់កាំភ្លើង ធ្លាប់តែធុំក្លិនរំសេវ ទៅជាកន្លែងបង្កើតនូវមុខរបរ អាជីវកម្ម កន្លែងសប្បាយ កន្លែងទេសចរណ៍ កន្លែងដែលមានការទំនាក់ទំនងបង្កើននូវមិត្តភសព ហើយប្រែក្លាយកន្លែងគ្រាប់រំសេវទៅជាការប្រគុំតន្ត្រី លលឺសម្លេងភ្លេងពិរោះរណ្តំ។

ឯកឧត្តមបាននាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលនាំមកប្រគល់ជូននាពេលនេះ រួមមានរថយន្តម៉ាកស្តារិចចំនួន ២គ្រឿង ឧបត្ថម្ភដល់កងពលធំអន្តរាកមន៍លេខ២ នូវថវិកាចំនួន ១០លានរៀល កងពលតូចអន្តរាគមន៍លេខ៦ ថវិកាចំនួន ៥០លានរៀល ហើយឧបត្ថម្ភដល់នាយទាហាន នាយទាហានរង និងពលទាហានចំនួន ១.៣៥៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៣ម៉ឺនរៀល ភេសជ្ជៈប៉ូវកម្លាំងចំនួន ២០០កេស ស្រាបៀរចំនួន ៣០០កេស មីចំនួន ២០០កេស បន្លែមួយចំនួន សាច់ជ្រូកចំនួន ២០០គីឡូក្រាម សាច់មាន់ ចំនួន ៣១០គីឡូក្រាម សម្ភារៈបរិក្ខា និងថ្នាំពេទ្យចំនួន ២១មុខបន្ថែមទៀត៕
ដោយ ទិត ស្រ៊





