ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល ក្រោយប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាលទៀត
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ -- កូនផ្សោតកើតថ្មីមួយក្បាលដែលមានអាយុប្រមាណ ៤ថ្ងៃ ត្រូវបានប្រទះឃើញនៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF ថតបានកូនផ្សោតថ្មីនេះនៅវេលាម៉ោង ១:២៥នាទីរសៀល ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥។ នេះបើយោងតាមការឱ្យដឹងពីមន្រ្តីក្រសួងកសិកម្មនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥។

កូនផ្សោតនេះអាចកើតពីមេផ្សោតដែលមានលេខកូដ ១៣៥ និងស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៥ក្បាលផ្សេងទៀត។ គិតត្រឹមដើមខែមេសា ឆ្នាំ២០២៥ នេះ កម្ពុជាទទួលបានកូនផ្សោតកើតថ្មីចំនួន ៦ក្បាល ដោយក្នុងនោះ ៤ក្បាលកើតនៅខេត្តក្រចេះ និង ២ក្បាលទៀតកើតនៅខេត្តស្ទឹងត្រែង ដែលធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាសរុប កើនឡើងដល់ចំនួន ១១០ក្បាល។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផលដែលជាសេនាធិការ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអស់ពីដួងចិត្តចំពោះការលះបង់របស់បងប្អូនឆ្មាំទន្លេទាំង ៧២រូប នៅខេត្តស្ទឹងត្រែង និងក្រចេះ ក្នុងបុព្វហេតុអភិរក្សសត្វផ្សោតទន្លេមេគង្គ ហើយក្រសួងនឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីគាំទ្រការងាររបស់បងប្អូនឆ្មាំទន្លេយើង។

ក្រសួងក៏សូមអរគុណផងដែរចំពោះអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សា និងការពារធនធានជលផលដ៏មានតម្លៃ។ ប្រសិនបងប្អូនប្រជានេសាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕
ដោយ៖ ណយ នឿន (ប្រភព៖ ក្រសួងកសិកម្ម)





