រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតិឱ្យមានការក្រាលកន្ទេលលក់ដូរលើសួនច្បារ និងលើស្មៅនៅតំបន់ផ្លូវថ្មើរជើងទៀតឡើយ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ -- លោកស្រី ដោ សម្ផស្ស នាយិការង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនអាជីវករអ្នកលក់ដូរតាមបណ្តោយផ្លូវថ្មើរជើងគឺហាមមិនឱ្យក្រាលកន្ទេលលក់ដូរ និងអង្គុយញាំលើស្មៅសួនច្បារដែលបណ្តាលឱ្យងាប់ស្មៅ ងាប់ផ្កា និងប៉ះពាល់ដល់បរិស្ថាន។ មួយរយៈកន្លងមកនេះ គេសង្កេតឃើញមានការក្រាលកន្ទេលលក់ និងមានអ្នកអង្គុយញាំលើស្មៅ និងចាក់កាកសំណល់តាមមាត់លូហើយថែមទាំងមានអ្នកទិញកាន់មកញាំលើស្មៅដែរ ដូច្នេះ គឺទាំងអ្នកលក់ និងអ្នកទិញត្រូវបានហាមមិនឱ្យអង្គុយលើស្មៅដាច់ខាត។ លោកស្រីបានអំពាវនាវ បែបនេះ ខណៈដែលថ្នាក់ដឹកនាំជាន់ខ្ពស់ រាជរដ្ឋាភិបាលចុះពិនិត្យ ស្ថានភាព និងដើរកម្សាន្ដសប្បាយជាមួយប្រជាពលរដ្ឋ នារាត្រីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា ផ្លូវថ្មើរជើងជាតំបន់ស្ងួតហាមលេងបាញ់ទឹក ជះទឹក តែបើបងប្អូនចង់បានតំបន់ត្រជាក់ចិត្តសូមទៅលេងនៅសង្គ្រាន្តវត្តភ្នំជុំវិញបរិវេណរមណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំដែលរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំសង្គ្រាន្តវត្តភ្នំ ដើម្បីផ្តល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋយើងរួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយមានកន្លែងលេងកំសាន្តសម្បូរបែប និងច្រើនទីតាំងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តសក្ត័ ព.ស២៥៦៩ ត្រូវនឹងគ.ស២០២៥ ដែលពិធីបុណ្យចូលឆ្នាំថ្មីនេះនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃគឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា។

កាលពីល្ងាចថ្ងៃសៅរ៍ ទី០៥ ខែមេសា ដែលជាសប្តាហ៏ទីមួយនៃខែថ្មី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជេីញអមដំណេីរលោកជំទាវបណ្ឌិត ពេជ ចន្ទ័មុនី ហ៊ុនម៉ាណែត បានអញ្ជើញទៅពិនិត្យមើលស្ថានភាពជាក់ស្តែងនៅតាមបណ្តោយផ្លូវថ្មើរជើងមាត់ទន្លេ ដោយឯកឧត្តម ឃួង ស្រេង បានធ្វើការណែនាំបន្ថែមដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អប្រសើរ ដោយត្រូវធានាថា ទាំងសង្គ្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះប្រព្រឹត្តទៅដោយរលូន និងផ្តល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងបងប្អូនមកពីតាមបណ្តាខេត្ត រួមទាំងភ្ញៀវទេសចរបរទេសផងដែរ ដើម្បីចូលរួមសប្បាយរីករាយ និងមានភាពកក់ក្តៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើង។

តាមបណ្តោយផ្លូវថ្មើរជើង រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំឱ្យមានការលក់ដូរលើដងផ្លូវនាពេលរាត្រី ដែលភាគច្រើនជាផលិតផលផលិតដោយដៃ រួមទាំងការរៀបចំឱ្យមានការសម្តែងសិល្បៈបុរាណសម័យច្រើនទម្រង់ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យចូលមកលេងកំសាន្ត ២ថ្ងៃក្នុងមួយសប្តាហ៍ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ដោយឡែក សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីចំនួន ៣ថ្ងៃខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យមានការលេងកំសាន្តបន្ថែម ៣ថ្ងៃទៀត។
ឯកឧត្តមអភិបាលបានអំពាវនាវឱ្យបងប្អូនអាជីវករលក់ដូរនៅផ្លូវថ្មើរជើង ក៏ដូចបងប្អូនដែលមកលេងកំសាន្ត សូមចូលរួមលើកកម្ពស់អនាម័យ បរិស្ថាន និងវេចខ្ចប់កាកសំណល់ហូបចុករួចច្រកក្នុងថង់រួមយកទៅដាក់ក្នុងធុងសំរាមដែលនៅជិតបងប្អូន។ បងប្អូនត្រូវយល់ថា ទីក្រុងស្អាត មានអនាម័យល្អ គឺផ្តើមចេញពីយើងម្នាក់ៗ និងធ្វើខ្លួនជាប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងដែលស៊ីវិល័យ និងថ្លៃថ្នូរ៕
ដោយ: សួស សំរិត





