ឯកឧត្តម ជា វ៉ាន់ដេត សម្ពោធឆ្លងសមិទ្ធផលនានា ក្មុងវត្តចុល្លវ័ន ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ
AKP តាកែវ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ -- ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារីប្រគេនព្រះអង្គគ្រូជោតធម្មោ ណេន មីហួយ ព្រះចៅអធិការវត្តចុល្លវ័ន (ហៅវត្តព្រៃអារ) និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា សន្តិភាព គឺជាកត្តាចម្បង និងមិនអាចខ្វះបានក្នុងការកសាងសមិទ្ធផលនានា រួមទាំងវត្តអារាមដែលជាទីសក្ការៈរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ព្រមទាំងបាននាំសារសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកសំរោង ក៏ដូចជាខេត្តតាកែវទាំងមូល។

ឯកឧត្តមបានមានប្រសាសន៍ថា "ពិធីដែលយើងកំពុងប្រារព្ធនាពេលនេះ គឺកើតចេញពីសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះធ្វើឱ្យវិស័យពុទ្ធសាសនាមានការរីកចម្រើនដូចសព្វថ្ងៃ។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលបានខិតខំសម្រេចសមិទ្ធផល និងស្នាដែជាច្រើនក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានយ៉ាងល្អប្រសើរ ដែលធានាដល់ការរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ"។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋខិតខំថែរក្សាវប្បធម៌ប្រពៃណីរបស់ខ្មែរដែលជាអត្តសញ្ញាណជាតិឱ្យបានគង់វង្សយូរអង្វែងតទៅ។

នៅក្មុងពិធីនោះក៏មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះគ្រូមេគណខេត្តតាកែវ លោកជំទាវ ឯកឧត្តម សមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកទាំង១០ នៃខេត្តតាកែវ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាលខេត្ត អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណ ១.៨០០អង្គ/នាក់៕
ដោយ៖ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





