កិច្ចប្រជុំស្ដីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
AKPកំពង់ធំថ្ងៃទី០៥ខែមេសា ឆ្នាំ២០២៥៖ មន្ទីរទេសចរណ៍ខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំស្ដីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់។

នៅរសៀលថ្ងៃទី០៤ខែមេសាឆ្នាំ២០២៥នេះ មន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំស្ដីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័កព.ស២៥៦៩ដែលកម្មពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំនិងមានការអញ្ជើញចូលរួមពី អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត ព្រមទាំងអាជីវករ ម្ចាស់ភោជនីយដ្ឋាន ផ្ទះសំណាក់នឹងម្ចាស់សណ្ឋាគារផងដែរ។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ លើកឡើងថាដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបានល្អប្រសើរស្របតាមយុទ្ធនាការណ៍"ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាកម្មល្អ បដិសណ្ឋារកិច្ចល្អ"និងស្របតាមគុណតម្លៃនៃវប្បធម៌ អរិយធម៍ ដ៏ផូរផង់របស់កម្ពុជា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ខែមេសាឆ្នាំ២០២៥ខាងមុខនេះប្រតិបត្តិករទេសចរណ៍ទាំងអស់ត្រូវផ្ដល់កិច្ចសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីធានារក្សាសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈនិងរក្សាបាននូវអនាម័យ ព្រមទាំងសោភ័ណភាពនៅតាមមូលដ្ឋានអាជីវកម្ម។

លោក សេង អានបានបន្តថា អាជីវករទាំងអស់ត្រូវចេះរៀបចំតុបតែងផ្នែកខាងក្នុងនិងខាងក្រៅនៃទីតាំងអាជីវកម្មរបស់ខ្លួនឱ្យមានភាពស្រស់ស្អាតដើម្បីឱ្យមានភាពទាក់ទាញ ដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដែលមកទទួលសេវា ជាពិសេសគឺការរៀបចំនូវសណ្ដាប់ធ្នាប់ទីកន្លែងទុកដាក់យានយន្តឱ្យបានត្រឹមត្រូវហើយរាល់ផលិតផលដែលដាក់តាំងលក់ ត្រូវបង្ហាញតម្លៃនិងបញ្ជាក់តម្លៃឱ្យបានច្បាស់លាស់។
លោក ជា វ៉ាន់ចាន់បានថ្លែងថា រដ្ឋបាលខេត្តកំពង់ធំក្រោមការដឹកនាំ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តបានខិតខំជម្រុញឱ្យមានការរៀបចំ កែលម្អ ក្រុងស្ទឹងសែន ដោយមានការតុបតែងភ្លើងពណ៌ក្នុងក្រុង តាមដងផ្លូវនឹងដងស្ទឹងសែន ដាំផ្កាតាមទ្រូងផ្លូវជាតិលេខ៦ ផ្សារាត្រីលើឆ្នេរខ្សាច់មាត់ស្ទឹងនឹងការរៀបចំធ្វើសង្ក្រាន្តខេត្តកំពង់ធំក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខនេះ។
លោកជា វ៉ាន់ចាន់បានបន្តទៀតថាដើម្បីឱ្យខេត្តកំពង់ធំ ក្លាយទៅជាខេត្ត ដែលទទួលបាននូវការចាប់អារម្មណ៍ខ្លាំង ពីបណ្ដាភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យបានកាន់តែច្រើនសូមអាជីវករម្ចាស់សណ្ឋាគារផ្ទះសំណាក់ម្ចាស់ភោជនីយដ្ឋាន អ្នកគ្រប់គ្រងនៅតាមរមណីយដ្ឋាននានានៅក្នុងខេត្តកំពង់ធំត្រូវរក្សាឱ្យបាននៅអនាម័យល្អនិងរក្សាតម្លៃម្ហូបអាហារនិងទំនិញផ្សេងៗឱ្យបានសមរម្យ ជាពិសេសត្រូវចូលរួមដោយធ្វើការផ្សព្វផ្សាយឱ្យបានប្រសើរ នូវយុទ្ធនាការ" ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍" "ទេសចរណ៍រីកលូតលាស់ ក្នុងសន្តិភាព"និង"បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់"៕
ដោយ៖ ស៊ុម វណ្ណា





